ភ្នំពេញ៖ ពលរដ្ឋជាង៤៥ម៉ឺននាក់ ត្រូវបាន គ.ជ.ប ចុះឈ្មោះក្នុងបញ្ចីបោះឆ្នោតថ្មី និងជាង ២២ម៉ឺននាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានចេញ ផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទទួលបានលទ្ធផល ជាបណ្តោះអាសន្ន រួមមាន ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៤៥ម៉ឺននាក់ អ្នកដែលត្រូវលុបឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ២២ម៉ឺននាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនជាង ១៨ម៉ឺននាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានជាង ១៤ម៉ឺននាក់។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានប្រាប់ BTVឲ្យដឹងថា ដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ដោយមានការចូលរួម និងកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីបោះឆ្នោត និងអាចប្តឹងជំទាស់បាន ពេលឃើញមានភាពមិនប្រក្រីណាមួយកើតឡើង បន្ទាប់ពី គ.ជ.ប បានផ្សព្វផ្សាយបញ្ជីបោះឆ្នោតថ្មី។
បន្ទាប់ពីបញ្ចប់ដំណើការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងរៀបចំដំណើការផ្សេងៗមួយចំនួនទៀត មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
ការបោះឆ្នោត គឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែងឆន្ទៈរបស់ខ្លួន ដើម្បី ជ្រើសរើសបេក្ខជន ដែលខ្លួនពេញចិត្ត ឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួន ដោយគិតទៅលើសមត្ថភាពការងារ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា និងការប្តេជ្ញាចិត្តបម្រើសុខសុមាភាពរបស់ប្រជាជន និងការខិតខំកសាងប្រទេសជាតិជាដើម៕
អត្ថបទ៖ ទូច សោភ័ណ

