ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Han Duck-soo បានប្តេជ្ញានៅថ្ងៃសុក្រនេះ ថានឹងធានាស្ថិរភាពនៅក្នុងសន្តិសុខជាតិ និងការទូត បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានបណ្តេញអតីតប្រធានាធិបតីលោក Yoon Suk Yeol ចេញពីតំណែងនៅថ្ងៃសុក្រនេះ។

លោក Han បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្នុងនាមជាប្រធានាធិបតីស្តីទី លោកនឹងធានាថា មិនមានចន្លោះប្រហោងក្នុងសន្តិសុខជាតិ ឬកិច្ចការបរទេសឡើយ ហើយប្រទេសនេះ នឹងរក្សាជំហរសន្តិសុខយ៉ាងម៉ឺងម៉ាត់ និងមិនផ្លាស់ប្តូរ។

លោកបានបញ្ជាក់ថា រូបលោកក៏នឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់លោកផងដែរ ដើម្បីធានាថាមិនមានការរំខានក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាជម្លោះពាណិជ្ជកម្ម និងរក្សាសណ្តាប់ធ្នាប់សាធារណៈយ៉ាងម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋរបស់កូរ៉េខាងត្បូងមានអារម្មណ៍សុវត្ថិភាព និងសុខសាន្ត។
រដ្ឋាភិបាល នឹងមានរយៈពេល៦០ថ្ងៃ ដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតថ្មី ហើយប្រធានាធិបតីស្ដីទីលោក Han Duck-soo នឹងនៅតែកាន់តំណែងរហូតមានមេដឹកនាំថ្មី៕