ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា និយាយថា មនុស្សយ៉ាងហោចណាស់៣១នាក់ រួមទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ទី៣ មេសា លើសាលារៀនមួយកន្លែងដែលបម្រើជាទីជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនដោយសារសង្រ្គាម។
អ្នកនាំពាក្យទីភ្នាក់ងារ លោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈមនុស្ស៦នាក់នៅបាត់ខ្លួនក្នុងការវាយប្រហារលើសាលារៀន Dar al-Arqam ភាគឦសានទីក្រុងហ្កាហ្សា។

លោក Bassal បាននិយាយកាលពីពេលមុនថា មនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ។ លោកនិយាយថា «មនុស្សម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួន ជាស្ត្រីមានផ្ទៃពោះ ដែលត្រូវបានគេរំពឹងថាមានកូនភ្លោះ»។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយលុក «មជ្ឈមណ្ឌលទីបញ្ជាការនិងគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ទីក្រុងហ្កាហ្សា។ «មជ្ឈមណ្ឌលទីបញ្ជាការនិងគ្រប់គ្រងនេះ ត្រូវបានប្រើប្រាស់ដោយក្រុមភេរវករ ដើម្បីរៀបចំផែនការ និងធ្វើប្រតិបត្តិការវាយប្រហារលើជនស៊ីវិលអ៊ីស្រាអែល និងកងទ័ពកងកម្លាំងការពារអ៊ីស្រាអែល(IDF)។
