ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប៉ះទង្គិចជាមួយនគរបាលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ មេសា អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅខាងក្រៅទីស្នាក់ការគណបក្ស Likud របស់នាយករដ្ឋមន្ត្រី លោកBenjamin Netanyahu ក្នុងទីក្រុង Tel Aviv។ បាតុកម្មនេះ បានចូលរួមដោយក្រុមផ្សេងៗរួមមានសាច់ញាតិរបស់ចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួន។

អ្នកតវ៉ាមួយចំនួនបានដើរដង្ហែពីស្ថានទូតរបស់ប្រទេសហុងគ្រីនៅទីក្រុង Tel Aviv ដោយរិះគន់ខ្លាំងៗចំពោះដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក Netanyahu ទៅកាន់ប្រទេសអឺរ៉ុបមួយនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ជាដំណើរទស្សនកិច្ចដ៏កម្រនៅបរទេស ក្នុងការផ្គើនទៅនឹងដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងក្នុងពេលមានការកើនឡើងបាតុកម្មនៅទូទាំងប្រទេស និងការកើនឡើងភាពទោមនស្សជាមួយគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu បន្ទាប់ពីការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា បានបន្ត ។
អ៊ីស្រាអែល បានបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី១៨ ខែមីនា បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលពីរខែ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឃើញការវិលត្រឡប់របស់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួន៣៣នាក់នៅរស់ និងបានស្លាប់ ពីការឃុំឃាំងរបស់ក្រុមហាម៉ាស។ ចំណាប់ថ្នូរ៥៩នាក់នៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ដែល២៤នាក់ក្នុងចំណោមនេះ ត្រូវបានគេជឿថានៅមានជីវិតរស់នៅ។