ក្រុមមន្ត្រីយោធារបស់សហរដ្ឋអាមេរិក និងចិន បានជួបប្រជុំគ្នានៅទីក្រុងសៀងហៃ សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ ដែលយោធាអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ថា ផ្តោតលើការកាត់បន្ថយសកម្មភាពមិនមានសុវត្ថិភាពរបស់នាវា និងយន្តហោះយោធាចិន មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងប៉េកាំង បិទបញ្ចប់ហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់។

សេចក្តីថ្លែងការណ៍របស់យោធាអាមេរិកបានឱ្យដឹងថា កិច្ចពិភាក្សាដែលកើតឡើងជាប្រចាំ ២ដងក្នុងមួយឆ្នាំ និងត្រូវគេស្គាល់ថាជាក្រុមការងារពិគ្រោះយោបល់យោធាដែនសមុទ្រ (MMCA) នេះ បានធ្វើឡើងនៅក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាកម្រិតក្រុមការងារ ផ្តោតលើការកាត់បន្ថយឧប្បត្តិហេតុដែនទឹក នៅក្នុងអ្វីដែលយោធាអាមេរិកនិយាយថាជា សកម្មភាពមិនមានសុវត្ថិភាពរបស់នាវា និងយន្តហោះយោធាប្រទេសចិន។

គួរឱ្យដឹងថា សហរដ្ឋអាមេរិកបានត្អូញត្អែរជាយូរមកហើយពីការហោះហើរដោយយោធាទីក្រុងប៉េកាំងនៅក្នុងតំបន់។ យោធាចិន កាលពីថ្ងៃពុធ បានបញ្ចប់ហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលក្នុងនោះខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅសមុទ្រចិនខាងកើតដែលជាការបង្ហាញពីកំណើនសមយុទ្ធនៅជុំវិញកោះនេះ និងកម្លាំងសាច់ដុំយោធារបស់ខ្លួន៕
