ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ២២៩ ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ជួយរំដោះចិញ្ចើមផ្លូវលេខ២២៩ផង ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើងជនពិការភាព។
ជាក់ស្ដែងទីតាំងនៅតាមបណ្ដោយផ្លូវលេខ២២៩ កែងមហាវិថីទេពផន ជាប់របងសាលាមត្តេយ្យសាមគ្គី មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានក្រុមអាជីវកលក់រថយន្ត រំលោភយកចិញ្ចើមផ្លូវតាំងលក់រថយន្តលើផ្លូវតែម្ដង ដូចក្នុងរូបភាពមានស្រាប់។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្លូវលេខ២២៩ និងតាមបណ្ដាផ្លូវដ៏ទៃទៀត បានលើកឡើងថា រាល់ថ្ងៃពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់របរបន្តិចបន្តួចប្រើប្រាស់ប្រចាំថ្ងៃ តែងតែដើរលើផ្លូវជានិច្ច ព្រោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរ ត្រូវបានក្រុមអ្នកប្រកបអាជីវកម្ម លក់រថយន្តរំលោភយកចិញ្ជើមផ្លូវលើសពី ១ភាគ៣នៃចិញ្ចើមផ្លូវអស់ហើយ សម្រាប់តាំងលក់រថយន្តដូចដែលឃើញជាក់ស្ដែងស្រាប់។ ដូច្នេះសំណូមដល់អាជ្ញាធរខណ្ឌពាក់ព័ន្ធជាពិសេសអាជ្ញាធរខណ្ឌទួលគោក គួរចាត់វិធានការ រំដោះចិញ្ចើមផ្លូវដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើងងាយស្រួលដើរនិងជនពិការងាយស្រួលធ្វើដំណើរផងដែរ ជៀសវាងការធ្វើដំណើរតាមផ្លូវដែលអាចបង្កជាគ្រោះថ្នាក់ ហានិភ័យផ្សេងៗ-ល-។
ពាក់ព័ន្ធករណីនេះ ភ្ញាក់ព័ត៌មានបានធ្វើការទំនាក់ទំនងទៅ លោក ជា ពិសី អភិបាលខណ្ឌទួលគោក សុំការបំភ្លឺទូរស័ព្ទចូលតែគ្មានអ្នកទទួល។
គួរបញ្ជាក់ផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែបន្តយកចិត្តទុកដាក់និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តែផ្ទុយទៅវិញមូលដ្ឋានខណ្ឌទួលគោកមានលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកវរៈនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បណ្ដោយឲ្យក្រុមអាជីវករលក់រថយន្តមួយទឹក យករថយន្តតាំងលក់លើផ្លូវបាត់បង់សោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈ បង្កការកកស្ទះ គ្មានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ឬជនពិការភាពធ្វើដំណើរនោះឡើយ៕
អត្ថបទ៖ កុម្ភះ





