ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសប៉េរូ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ដោយសារបំណាក់ដីនៅខេត្ត Chanchamayo តំបន់ Junin ដែលដាំដំណាំកាហ្វេនៅប៉េរូ ខណៈទីក្រុង Puno មានទឹកជំនន់ជន់លិចផ្លូវ និងសាលារៀន។

នៅក្រុង Chanchamayo ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពមនុស្សបីនាក់នៅក្នុងតំបន់ពិបាកចូលទៅដល់ បន្ទាប់ពីបំណាក់ដី បានធ្វើឲ្យជាប់ខ្លួនកម្មករនិងអ្នកស្រុកដែលកំពុងធ្វើការងារថែទាំនៅលើផ្លូវមួយកន្លែង។

ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យកម្មករ និងគ្រឿងចក្រធ្លាក់ពីកម្ពស់ប្រហែល ១៥០ ម៉ែត្រ។ ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំងនៅក្រុងPuno បានជន់លិចផ្លូវមួយចំនួន និងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នអប់រំជាច្រើនកន្លែង។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិនៃវិទ្យាស្ថានការពារជនស៊ីវិលជាតិ បានរាយការណ៍ថាមនុស្សជាង១១០.០០០នាក់ បានរងផលប៉ះពាល់ដោយអាកាសធាតុធ្ងន់ធ្ងរ និងផលវិបាកនៃអាកាសធាតុ ចាប់តាំងពីខែធ្នូ ឆ្នាំមុន។