មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu បានសាទរប្រទេសហុងគ្រីសម្រាប់ការសម្រេចចិត្តដ៏មុះមុតនិងជាគោលការណ៍របស់ខ្លួន ក្នុងការចាកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ខណៈ លោកបានធ្វើទស្សនកិច្ចនៅទីក្រុង Budapest កាលពីថ្ងៃព្រហស្បតិ៍ ជាដំណើរទស្សនកិច្ចដ៏កម្រមួយទៅបរទេសក្នុងការផ្គើនទៅនឹងដីកាចាប់ខ្លួនរបស់តុលាការ ICC ។

លោក Netanyahu ដែលត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីស្តាំនិយមរបស់ប្រទេសហុងគ្រី លោក Viktor Orban ប្រឈមនឹងដីកាចាប់ខ្លួនរបស់តុលាការ ICC ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។ ប្រទេសហុងគ្រី បានច្រានចោលគំនិតនៃការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងបានចាត់ទុកដីកានេះថា «ឥតអៀនខ្មាស់»។

នៅក្នុងសេចក្តីប្រកាសមួយដែលកំណត់ពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Netanyahu កាលពីថ្ងៃព្រហស្បតិ៍ លោក Orban បាននិយាយថា ប្រទេសហុងគ្រី នឹងដកខ្លួនទាំងស្រុងពីតុលាការ ICC ជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើងជាង២ទសវត្សរ៍មកហើយ ដើម្បីកាត់ទោសអ្នកដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍។