យោធាប្រទេសអ៊ីស្រាអែល បាននិងកំពុងជំរុញផែនការបង្កើតច្រករបៀងថ្មីមួយឆ្លងកាត់ផ្នែកខាងត្បូងតំបន់ហ្កាហ្សា។ យោធា បាននិងកំពុងបង្កើនការវាយលុករបស់ខ្លួនប្រឆាំងក្រុមហាម៉ាស។

អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយលុករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធ បានបណ្តាលឱ្យមនុស្ស១០០នាក់ស្លាប់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ។
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល មានផែនការបង្កើតច្រករបៀងថ្មីមួយឆ្លងកាត់ភាគខាងត្បូងតំបន់ហ្កាហ្សា ដើម្បីកាត់ផ្តាច់ទីក្រុង Rafah។

ចំណាត់ការនេះ បានធ្វើឡើងក្នុងពេលមានភាពជាប់គាំងក្នុងការចរចាជាមួយក្រុមហាម៉ាស ទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់។ អ៊ីស្រាអែល បានប្រាប់អ្នកស្រុកនៅផ្នែកផ្សេងៗតំបន់ហ្កាហ្សា ឱ្យជម្លៀសខ្លួនឲ្យបានមុនពេលការវាយលុកតាមផែនការ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពដែលបាននិយាយថា ក្រុមហាម៉ាស បានច្រានចោលសំណើថ្មីសម្រាប់ការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់។ ក្រុមហាម៉ាស ត្រូវបានគេនិយាយថាកំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ។