ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ភាគីជប៉ុន គណៈប្រតិភូកម្ពុជា នឹងចូលរួមកម្មវិធីសម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅថ្ងៃទី១២ ខែមេសាខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីពី ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងការចូលរួមកម្មវិធីខាងមុខនេះ កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី “ប្រាសាទកោះកេរ” ជាគោល ដែលជាតំបន់បេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្រសួងបានបន្តា ការណ៍នេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បម៌សម្បូរបែប និងបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក។
ក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្តថា ពន្លាជាតិកម្ពុជា ក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃ ដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្តមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្តនៅផ្នែកខាងឆ្វេងដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ និងនៅខាងស្តាំមានសំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី និងនៅចំណុចកណ្តាលមានរៀបចំឲ្យមានជាទិដ្ឋភាពវាលស្រែដែលស្តែងឲ្យឃើញពីសក្តានុពលកសិកម្ម និងផលិតផលអង្គរដ៏មានឱជារបស់កម្ពុជា និងមានម៉ាកែតប្រាសាទអង្គរវត្ត។ បន្ថែមពីនេះទៀត កម្ពុជាក៏បាននាំយកផលិតផលខ្មែរទៅតាំងបង្ហាញជូនភ្ញៀវជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ។
បើយោងតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រៀបចំសង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ” ដោយមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នឹងមានប្រទេសចូលរួមជាផ្លូវការចំនួន១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧។ ក្នុងនោះ ប្រទេសជប៉ុន រំពឹងថា នឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេសប្រមាណ ៣,៥លាននាក់៕


