រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងចងក្រងបញ្ជីផលិតផលអាមេរិក ដែលខ្លួនអាចនឹងវាយបកដាក់ពន្ធសងសឹក បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីរលកនៃពន្ធនាំចូលថ្មី។ នេះជាការពង្រឹងជំហររបស់រដ្ឋាភិបាល ខណៈរដ្ឋមន្ត្រីអង់គ្លេស ស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយអាមេរិក។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Jonathan Reynolds និយាយថា លោកកំពុងពិគ្រោះជាមួយក្រុមហ៊ុនអង់គ្លេស ពីផលប៉ះពាល់ដែលអាចកើតមាននៃពន្ធ ១០% ដែលត្រូវបានដាក់លើការនាំចេញរបស់អង់គ្លេសស្ទើរតែទាំងអស់ទៅកាន់អាមេរិក ហើយផលិតផលណាដែលគួរស្ថិតនៅក្នុងបញ្ជីសងសឹកវិញ។

នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អង់គ្លេសបានចេញផ្សាយបញ្ជីគំរូ ៤១៧ទំព័រនៃទំនិញអាមេរិក ដែលអាចប្រឈមនឹងពន្ធនាពេលអនាគត ដោយគ្របដណ្តប់ ២៧% នៃការនាំចូលពីអាមេរិក ជាមួយនឹង "ផលប៉ះពាល់មានកម្រិត" លើសេដ្ឋកិច្ចចក្រភពអង់គ្លេស។ ផលិតផលជាច្រើន រាប់ចាប់ពីសត្វសេះបង្កាត់ពូជសុទ្ធ និងសំលៀកបំពាក់កុមារ រហូតដល់ប្រេងឆៅ អាវុធ និងស្រាវីស្គីអាមេរិកជាដើម។

រដ្ឋាភិបាលអង់គ្លេសនិយាយថា ការស្ថិតក្នុងបញ្ជី មិនមានន័យថា ផលិតផលមួយនោះនឹងត្រូវតែប្រឈមមុខនឹងពន្ធទេ។ ប្រសិនបើអ្នកចរចាចក្រភពអង់គ្លេស មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធ ១០% ត្រឹមថ្ងៃទី០១ ខែឧសភា បានទេ ប្រមុខពាណិជ្ជកម្មអង់គ្លេសបានប្រាប់សមាជិកសភាថា រដ្ឋាភិបាលអាចដាក់ពន្ធសងសឹកដែលគ្រោងទុកនោះ លើការនាំចូលរបស់អាមេរិក៕