ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) បានបដិសេធកិច្ចប្រឹងប្រែង ដែលមានបំណងទប់ស្កាត់ការលក់អាវុធចំនួន ៨,៨ពាន់លានដុល្លារដល់អ៊ីស្រាអែល ជុំវិញវិបត្តិសិទ្ធិមនុស្ស ដែលកំពុងកើតមានលើពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ៊ុមព័ទ្ធនោះ និងការផ្អាកផ្តល់ជំនួយមនុស្សធម៌។

ព្រឹទ្ធសភាបានបោះឆ្នោតលើកទីមួយ ៨២ទល់នឹង ១៥សំឡេង និងលើកទីពីរ ៨៣ទល់នឹង ១៥សំឡេង ដើម្បីច្រានចោលសេចក្ដីសម្រេចចំនួនពីរ នៃការមិនយល់ព្រមលក់គ្រាប់បែក និងគ្រឿងយុទ្ធោបករណ៍វាយលុកផ្សេងទៀត។ សេចក្ដីសម្រេចទាំងនេះត្រូវបានដាក់ដោយព្រឹទ្ធសមាជិក Bernie Sanders នៃរដ្ឋ Vermont ដែលជាអ្នកនយោបាយឯករាជ្យ។

តាមទម្លាប់រាប់ទសវត្សរ៍មកហើយនៃការគាំទ្រទ្វេបក្សដ៏រឹងមាំសម្រាប់អ៊ីស្រាអែលនៅក្នុងសភាសហរដ្ឋអាមេរិក មានន័យថា សេចក្ដីសម្រេចរារាំងការលក់អាវុធឱ្យអ៊ីស្រាអែលបែបនោះ ទំនងជាឆ្លងសភាមិនរួចនោះទេ ប៉ុន្តែក្រុមអ្នកគាំទ្រសំណើនោះសង្ឃឹមថា ការលើកឡើងពីបញ្ហានេះនឹងលើកទឹកចិត្តដល់រដ្ឋាភិបាលអ៊ីស្រាអែល និងរដ្ឋបាលអាមេរិក ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិល។

ការស្លាប់ និងភៀសខ្លួនដ៏លលើសលប់នៅដែនដីហ្កាហ្សា បង្កើនក្ដីបារម្ភអំពីសិទ្ធិមនុស្ស។ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៥០.០០០នាក់ ត្រូវបានសម្លាប់ដោយយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕