រដ្ឋមន្ត្រីការបរទេសលីបង់ លោក Youssef Rajji កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យសហភាពអឺរ៉ុប (EU ) បង្កើនសម្ពាធលើអ៊ីស្រាអែល ឲ្យដកកងទ័ពចេញពីទឹកដីលីបង់ ដែលខ្លួនបានគ្រប់គ្រងទាំងអស់ បញ្ឈប់ការវាយប្រហារ និងគោរពអធិបតេយ្យភាពរបស់ប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា លោក Rajji បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយលោក Stefano Sannino អគ្គនាយកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅគណៈកម្មការអឺរ៉ុប ដែលបានដឹកនាំគណៈប្រតិភូ EU ទៅទស្សនកិច្ចទីក្រុងបេរូត (Beirut)។ ការពិភាក្សាបានគ្របដណ្តប់លើការវិវឌ្ឍក្នុងតំបន់ និងទំនាក់ទំនងលីបង់-សហភាពអឺរ៉ុប។

លោករដ្ឋមន្ត្រី បានថ្កោលទោសការបន្តសកម្មភាពយោធារបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារប្រចាំថ្ងៃនៅភាគខាងត្បូងប្រទេសលីបង់ និងការវាយប្រហារជាថ្មីលើទីក្រុងបេរូត។ លោកបានអំពាវនាវឲ្យអ៊ីស្រា អែលប្រកាន់ខ្ជាប់នូវសេចក្តីសម្រេច ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានជំរុញឲ្យសហភាពអឺរ៉ុប ប្រកាន់ជំហរដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងការរំលោភនេះ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ប្រទេសលីបង់ បាននិយាយថា ទន្ទឹមនឹងនេះដែរ យានដ្រូនរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើយានយន្តមួយគ្រឿង នៅក្នុងតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ បានបណ្តាលឲ្យមនុស្សពីរនាក់ រងរបួស កាលពីថ្ងៃព្រហស្បតិ៍។