អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី ធានានូវការទទួលខុសត្រូវចំពោះការសម្លាប់រង្គាលដោយក្រុមប្រកាន់និកាយ ដែលផ្តោតលើជនជាតិភាគតិចអាឡាវីត( Alawite) កាលពីខែមុន ដោយនិយាយថា ពួកគេអាចបង្កើតជាឧក្រិដ្ឋកម្មសង្រ្គាម។
អំពើហិង្សាជាច្រើនថ្ងៃ ដែលចាប់ផ្តើម កាលពីថ្ងៃទី ០៦ ខែមីនា បានឃើញការបង្ហូរឈាមដ៏អាក្រក់បំផុតដោយក្រុមប្រកាន់និកាយ ចាប់តាំងពីកងកម្លាំងដឹកនាំដោយឥស្លាមនិយម បានផ្តួលរំលំប្រធានាធិបតីកាន់អំណាចដ៏យូរ លោក បាសា អាល់អាសាដ (Bashar Assad) ជាមួយនឹងការសម្លាប់រង្គាលយ៉ាងទូលំទូលាយ នៅតំបន់ឆ្នេរដែលមានជនជាតិភាគតិចអាឡាវីវរស់នៅនេះ។
អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា៖«រដ្ឋាភិបាលស៊ីរីត្រូវតែធានាថា ជនល្មើសនៃរលកនៃការសម្លាប់រង្គាល ដែលកំណត់គោលដៅលើជនស៊ីវិលអាឡាវីត នៅតាមតំបន់ឆ្នេរ ត្រូវតែទទួលខុសត្រូវ។
អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្លាប់រង្គាលនេះ ត្រូវតែត្រូវបានស៊ើបអង្កេតថា ជាឧក្រិដ្ឋកម្មសង្គ្រាម។