អ៊ីរ៉ង់៖ ភ្នាក់ងារឃ្លាំមើលថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ ទី១ ខែធ្នូថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកាន់តែមានសមត្ថភាពជាងមុន ដោយប្រើម៉ាស៊ីនសែនធីផ្យូជ (centrifuges) ដ៏ទំនើបនៅរោងចក្រ Fordow ក្រោមភ្នំ ដែលជាការបន្ថែមបន្ទុកដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ អំឡុងការចរចាជាមួយមហាអំណាចលោកខាងលិចដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនេះ។

សេចក្ដីប្រកាសនេះទំនងជាមិនសូវផ្ដល់តម្លៃការចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក្នុងការនាំភាគីជម្លោះទាំង ២ ត្រឡប់ទៅរកកិច្ចព្រមព្រៀងដ៏ជូរចត់ដែលបានបន្តឡើងវិញនៅសប្ដាហ៍នេះ បន្ទាប់ពីជាប់គាំងរយៈពេល ៥ខែដោយសារការបោះឆ្នោតរបស់ប្រធានាធិបតីប្រកាន់តឹងលោក Ebrahim Raisi។ ក្រុមអ្នកចរចាលោកខាងលិចបារម្ភថា អ៊ីរ៉ង់កំពុងតែបង្កើនទម្ងន់ ឬហេតុផលដើម្បីយកប្រៀបក្នុងការចរចា។ នៅថ្ងៃទីបីនៃកិច្ចចរចានេះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា អ៊ីរ៉ង់បានចាប់ផ្ដើមដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ២០% ដោយម៉ាស៊ីន IR-6 ចំនួន ១៦៦គ្រឿងនៅរោងចក្រ Fordow។ ហើយម៉ាស៊ីនដែលត្រូវយកមកចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងនោះ មានប្រសិទ្ធភាពជាងម៉ាស៊ីន IR-1 ជំនាន់ទី១៕
អត្ថបទ៖ សុខមាន