អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងជាង ៣០នាក់ បានរងរបួស នៅភាគខាងកើតនៃទីក្រុង Kharkiv របស់ប្រទេសអ៊ុយក្រែន។
ប្រទសរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារតាមអាកាស បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យពួកគេយល់ព្រមលើបទឈប់បាញ់មួយ បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាង បីឆ្នាំ។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋនៅអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គម Telegram ថា ការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅលំនៅឋាន និងអគារការិយាល័យ ក្នុងទីក្រុង Kharkiv ដោយបានបង្កឲ្យមានអគ្គិភ័យឆាបឆេះជាច្រើនកន្លែង។
សេវាសង្គ្រោះបន្ទាន់ បានបន្តថា៖«យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារសង្កាត់មួយរបស់ទីក្រុង Kharkiv ។ ដោយសារការវាយប្រហារទៅលើអគារលំនៅឋាន និងអគាររដ្ឋបាលមួយ ភ្លើងបានឆាបឆេះចំនួន ៤ន្លែង ។
អភិបាលក្រុងលោក Igor Terekhov បាននិយាយនៅលើ Telegram ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ «ជាអកុសល មានអ្នកស្លាប់ចំនួន ៤នាក់ហើយ» ដោយសាកសពទី៤ «ត្រូវបានយកចេញពីក្រោមគំនរបាក់បែក» បន្ថែមពីលើអ្នកស្លាប់ បីនាក់មុន។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋនៃប្រទេសអ៊ុយក្រែន និងលោក Oleg Synegubov អភិបាលនៃតំបន់ Kharkiv ដ៏ធំទូលាយ បាននិយាយថា មនុស្ស ៣៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ ខណៈដែលលោក Terekhov បានដាក់តួលេខត្រឹមតែ ៣២នាក់។