លោក Yvon Castel និយាយថា លោកបានបោះឆ្នោតឲ្យគណបក្សស្តាំនិយមជ្រុលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនសូវចាប់អារម្មណ៍ ចំពោះយុទ្ធសាស្ត្រដែលមេដឹកនាំរបស់គណបក្ស គឺលោក Marine Le Pen បានជ្រើសរើសអនុវត្ត ដើម្បីព្យាយាមជំទាស់នឹងការវិនិច្ឆ័យផ្លូវច្បាប់ដែលបានរារាំងដំណើរផ្លូវរបស់លោកស្រីទៅកាន់ប្រកួតប្រជែង ក្នុងការបោះឆ្នោតឆ្នាំ២០២៧។
អាចជាសារព្រមានមួយ សម្រាប់លោកស្រី Le Pen និងទស្សនវិស័យនយោបាយរបស់លោកស្រី បុរសវ័យ ៧២ឆ្នាំរូបនេះ បាននិយាយថា៖ «លោកស្រីមិននៅពីលើច្បាប់នោះទេ»។ សារនោះត្រូវបានបន្ទរដោយអ្នកផ្សេងទៀតក្នុងទីក្រុងកំពង់ផែសម្បូរដោយជនអន្តោប្រវេសន៍ គឺ Toulon ជាទីដែលក្រុមស្ដាំនិយមជ្រុលទទួលបានការគាំទ្រជាប្រពៃណី។
គួរបញ្ជាក់ថា តុលាការក្រុងប៉ារីស បានកាត់ទោសលោកស្រី Le Pen និងសមាជិករបស់គណបក្ស National Rally (RN) ចំនួន ២៤នាក់ផ្សេងទៀត ពីបទកេងបន្លំមូលនិធិរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ សាលក្រមនោះបានផ្ដល់ការហាមឃាត់ភា្លមៗរយៈពេល ៥ឆ្នាំ ចំពោះលោកស្រី Le Pen មិនឲ្យប្រកួតប្រជែងដណ្ដើមតំណែងសាធារណៈ ពោលគឺបានដកសិទ្ធិលោកស្រីពីការឈរឈ្មោះ នៅឆ្នាំ២០២៥ លុះត្រាណាតែលោកស្រីអាចទទួលបានការលុបចោលនូវការសម្រេចនេះ នារដូវក្តៅក្រោយ។
លោកស្រី Le Pen បានអំពាវនាវឲ្យមានការតវ៉ាទ្រង់ទ្រាយធំដោយសន្តិវិធី ក្នុងទីក្រុងប៉ារីស នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដែលការធ្វើបែបនោះនឹងចង្អុលបង្ហាញថា តើចំនួនការគាំទ្រពីប្រជាជន ចំពោះការអះអាងរបស់លោកស្រី អំពីវិបត្តិប្រជាធិបតេយ្យមានកម្រិតណា៕