វាយកូនបាល់៖ កីឡាការិនីអង់គ្លេសអតីតលំដាប់លេខ ៤ ពិភពលោក Johanna Konta បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់ហើយ។ កីឡាការិនីវ័យ ៣០ឆ្នាំរូបនេះធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon នៅឆ្នាំ២០១៧ ក្លាយជាកីឡាការិនីអង់គ្លេសដំបូងដែលធ្វើបានបែបនេះក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយ។

Konta ក៏ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open ដែរកាលពីឆ្នាំ២០១៦ និង French Open ឆ្នាំ២០១៩ ខណៈនៅ US Open ស្ថិតិល្អបំផុតគឺវគ្គ ៨នាក់ចុងក្រោយ។ Johanna Konta មានឪពុកម្តាយជាជនជាតិហុងគ្រីរស់នៅអូស្ត្រាលី មុនពេលផ្លាស់មករស់នៅចក្រភពអង់គ្លេសតាំងពីវ័យ ១៤ឆ្នាំ និងបានចូលសញ្ជាតិអង់គ្លេសនៅឆ្នាំ២០១២ ក៏បានក្លាយជាកីឡាការិនីវាយកូនបាល់អង់គ្លេសជោគជ័យជាងគេម្នាក់ក្នុងជំនាន់របស់នាង៕
អត្ថបទ៖នាង សុភាវុធ