នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ បាននិយាយថា រដ្ឋាភិបាលហុងគ្រី កំពុងរៀបចំបង្កើតច្បាប់ដែលនឹងរារាំងក្រុមអ្នកតវ៉ាកុំឲ្យបិទស្ពាន ដើម្បីការពារសិទ្ធិរបស់អ្នកដែលមិនចូលរួមការតវ៉ា។
គួរបញ្ជាក់ថា ស្ពាននានា ជាពិសេសនៅក្នុងរដ្ឋធានី Budapest ដែលបែងចែកដោយទន្លេ Danube បានក្លាយជាចំណុចសំខាន់នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលក្រុមបាតុករព្យាយាមបង្ហាញការទាមទាររបស់ពួកគេ។
ជាក់ស្ដែង កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅលើស្ពាន Elisabeth ក្នុងទីក្រុង ខណៈដែលពួកគេបានតវ៉ាជាថ្មីម្តងទៀតជំទាស់នឹងច្បាប់ ដែលមានគោលបំណងហាមឃាត់ មិនឲ្យហែក្បួនប្រចាំឆ្នាំរបស់ក្រុម LGBTQ+ (អ្នកស្រឡាញ់ភេទដូចគ្នា) និងដែលត្រូវបានមើលឃើញដោយអ្នករិះគន់ថា ជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើសេរីភាពប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតសភាឆ្នាំ២០២៦។
លោក Orban ដែលជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងខ្លាំងក្លា ដោយសារការកើនឡើងនូវប្រជាប្រិយភាពរបស់គណបក្សប្រឆាំង នៅមុនការបោះឆ្នោត បានរិះគន់សហគមន៍ LGBTQ+ ហើយបានសន្យាថា នឹងទប់ស្កាត់ការផ្តល់មូលនិធិបរទេសដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសហុងគ្រី។
នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុរដ្ឋ លោក Orban បានលើកឡើងថា៖ «សេរីភាពនៃការជួបជុំគ្នា មានសារៈសំខាន់ ប៉ុន្តែវាមិនមែនជារឿងធម្មតាទេ ដែលថា ក្នុងពេលនេះជាមួយគ្នា មនុស្សរាប់ពាន់នាក់ ឬរាប់ម៉ឺននាក់ ត្រូវជាប់ធ្វើដំណើរមិនរួចដោយសារស្ទះចរាចរណ៍»។
លោក Orban ដែលកាន់អំណាចតាំងពីឆ្នាំ២០១០ បានបញ្ជាក់បន្ថែមថា ច្បាប់ថ្មីនេះ គឺចាំបាច់ដើម្បីទប់ស្កាត់កុំឲ្យមានការបិទស្ពាន ខណៈដែលបច្ចុប្បន្នការសម្រេចរបស់តុលាការ បានអនុញ្ញាតឲ្យការធ្វើបែបនោះកើតឡើងបាន៕