ក្រុមមេដឹកនាំនៃសហភាពអឺរ៉ុប និងប្រទេសអាស៊ីកណ្តាលចំនួន ៥ បានបើកកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅថ្ងៃសុក្រ ទី ០៤ ខែមេសានេះ ដើម្បីពិភាក្សាអំពីវិធីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនង ផ្សេងទៀត។
កិច្ចប្រជុំកំពូលនៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន មានការចូលរួមពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងមេដឹកនាំនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ទួរមេនីស្ថាន និងអ៊ូសបេគីស្ថាន។
លោក Costa បានប្រកាសថា៖«សហភាពអឺរ៉ុប មានបំណងចង់កសាងភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយអាស៊ីកណ្តាល ដែលលើសពីការរំពឹងទុក»។
លោកស្រី Von der Leyen បាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានកំណត់ថា នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការដឹកជញ្ជូន វត្ថុធាតុដើមសំខាន់ៗ ការទំនាក់ទំនងឌីជីថល ទឹក និងថាមពល»។
យុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបស្តីពីអាស៊ីកណ្តាល សង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តដែលកំពុងកើនឡើងរបស់អាស៊ីកណ្តាល ហើយមានគោលបំណងជំរុញភាពជាដៃគូ ឲ្យកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសក្នុងតំបន់។
ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev បានកត់សម្គាល់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ីកណ្តាល និងសហភាពអឺរ៉ុប បានកើនឡើងដល់ ៥៤ពាន់លានអឺរ៉ូ (៦០ពាន់លានដុល្លារ) ដោយបន្ថែមថា កិច្ចប្រជុំកំពូលនេះ គួរតែក្លាយជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងពហុភាគី។