ប្រទេសចិន នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនដាក់ពន្ធបន្ថែម ៣៤ភាគរយលើទំនិញគ្រប់មុខរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១០ ខែមេសា ដោយនេះជាវិធានការតបតនឹងការដំឡើងពន្ធយ៉ាងទូលំទូលាយដែលត្រូវបានដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសអំពីពន្ធសងសឹករបស់ខ្លួន គណៈកម្មការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋចិន បានឲ្យដឹងថា៖ «ការអនុវត្តរបស់សហរដ្ឋអាមេរិកនេះ មិនស្របតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន ហើយជាការអនុវត្តមិនយុត្តិធម៌ជាឯកតោភាគី»។
គួរបញ្ជាក់ថា លោក Trump កាលពីថ្ងៃពុធ (ទី២ ខែមេសា) បានដាក់ពន្ធលើការនាំចូល ១០ភាគរយលើគ្រប់ប្រទេសទាំងអស់ និងដំឡើងកម្រិងកាន់ខ្ពស់លើការនាំចូលពីប្រទេសជាក់លាក់រាប់សិប ក្នុងនោះរួមមានទាំងដៃគូពាណិជ្ជកម្មធំបំផុតជាងគេរបស់ខ្លួនផងដែរ គឺចិន និងសហភាពអឺរ៉ុប។
ជាមួយគ្នានេះ កម្រិតពន្ធដាច់ដោយឡែកចំនួន ២៥ភាគរយលើរថយន្តដែលផលិតពីបរទេសទាំងអស់ ក៏បានចូលជាធរមានផងដែរ ហើយប្រទេសកាណាដាបានឆ្លើយតបភ្លាមៗជាមួយនឹងពន្ធស្រដៀងគ្នាលើការនាំចូលរបស់សហរដ្ឋអាមេរិក៕