រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅតែប្តេជ្ញាចិត្តចំពោះមាត្រាទី ៥ របស់អង្គការណាតូ (NATO) ស្តីពីការការពារគ្នាទៅវិញទៅមក ហើយនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងខែមិថុនា។
គោលនយោបាយសន្តិសុខរបស់លោក Trump បានធ្វើឲ្យខូចដល់ភាពប្រាកដប្រជាដែលមានជាយូរមកហើយ នៅអឺរ៉ុប ដែលថា សហរដ្ឋអាមេរិកនឹងមកជួយទ្វីបនេះ ប្រសិនបើត្រូវបានវាយប្រហារ ដែលនាំឲ្យអ្នកខ្លះមានមន្ទិលសង្ស័យ អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលការណ៍ការពារគ្នាទៅវិញទៅមក។
តែទោះជាយ៉ាងណាក្ដី អំឡុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សម្ព័ន្ធមិត្តកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធភាព ប៉ុន្តែរំពឹងថា សមាជិកទាំអស់ នឹងចំណាយឲ្យច្រើនបន្ថែមទៀតលើវិស័យការពារជាតិ ហើយនឹងផ្ដល់ពេលវេលាខ្លះ ដើម្បីឲ្យធ្វើដូច្នេះ។
នៅពេលត្រូវបានសួរ នៅឯកិច្ចប្រជុំកំពូលថា តើលោកជឿថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពារដែនដីរបស់សមាជិកអង្គការណាតូដែរ ឬទេ លោក Sikorski បានឆ្លើយថា «មែនហើយ» ដោយលោកបានបន្ថែមថា លោកប្រធានាធិបតី Trump បានបញ្ជាក់ពីការប្ដេជ្ញានោះទៅកាន់មេដឹកនាំជាច្រើន ហើយអ្វីដែលបានឮទៀតនោះ គឺថា លោកប្រធានាធិបតី Trump នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ។ បណ្ដាមេដឹកនាំរបស់អង្គការណាតូ ត្រូវជួបប្រជុំគ្នានៅទីក្រុងរបស់ប្រទេសហូឡង់នេះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា៕