ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ បានឲ្យដឹងថា យោធារបស់សហភាពមីយ៉ាន់ម៉ា កំពុងរឹតបន្តឹងប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដែលមានភាពចាំបាច់ខ្លាំង សម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដី នៅក្នុងតំបន់ ដែលខ្លួនយល់ឃើញថា ប្រឆាំងទៅនឹងការគ្រប់គ្រងរបស់ខ្លួន។
ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងស៊ើបអង្កេតការវាយប្រហារដែលត្រូវបានរាយការណ៍ចំនួន ៥៣លើក ដោយរបបយោធាលើភាគីជម្លោះរបស់ខ្លួន ចាប់តាំងពីគ្រោះរញ្ជួយដី បានកើតមានកាលពីថ្ងៃទី២៨ ខែមីនា ដោយក្នុងនោះរួមទាំងការវាយប្រហារតាមផ្លូវអាកាសផងដែរ ដែលចំនួន ១៦លើក បានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់ កាលពីថ្ងៃទី២ ខែមេសា។
ហើយនៅថ្ងៃទី៤ ខែមេសានេះ ការិយាល័យនេះបានឲ្យដឹងថា ខ្លួនបានដឹងអំពីការវាយប្រហារចំនួន ៨លើកបន្ថែមទៀតដែលខ្លួនកំពុងស្រាវជ្រាវ។ អ្នកនាំពាក្យរបបយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ាមិនបានឆ្លើយតបនឹងការហៅទូរសព្ទពីសារព័ត៌មាន Reuters ដែលស្វែងរកការអត្ថាធិប្បាយនោះឡើយ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់ UN លោកស្រី Ravina Shamdasani បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់មានគ្រោះរញ្ជួយដី ជាពិសេសតំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់យោធា បានស្ថិតក្នុងភាពមហន្តរាយ។
គួររំលឹកថា ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាជាលើកដំបូង ក្នុងរយៈពេល ១សតវត្សរ៍នេះ បានធ្វើឲ្យញ័ររញ្ជួយដល់តំបន់ដែលមានប្រជាជនចំនួន ២៨លាននាក់ ដោយបានធ្វើឲ្យអគារបាក់រលំ បំផ្លិចបំផ្លាញសហគមន៍ជាច្រើនឲ្យរាបស្មើដល់ដី ហើយនាំឲ្យមនុស្សជាច្រើនគ្មានអាហារ ទឹក និងជម្រក។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យដឹងថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង ៣.១០០នាក់ហើយ៕