ភ្នំពេញ ៖ កាលពីរាត្រី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានរៀបចំកម្មវិធី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយអត្តសញ្ញាណថ្មី និងចក្ខុវិស័យថ្មី ដោយបានប្រកាសជា ផ្លូវការនៃការផ្លាស់ប្តូរអត្តសញ្ញាណថ្មី ពីឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ទៅ ជា អាកាសចរណ៍ជាតិកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជា្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Air Cambodia ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ថ្លែងក្នុងពិធីអបអរសាទរនេះឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា យន្តហោះ Air Cambodia មានសេចក្ដីសោមនស្សរីករាយបំផុត ដោយបានប្រកាសជា ផ្លូវការនៃការផ្លាស់ប្តូរអត្តសញ្ញាណថ្មី ពីឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ទៅ ជា អាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) រួមជាមួយការដាក់ចេញនូវចក្ខុវិស័យថ្មី លើការពង្រីក ជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិថ្មីៗបន្ថែមទៀត ប្រកបដោយផាសុកភាព ស្របជាមួយការចាប់ផ្តើមប្រើប្រាស់យន្តហោះប្រភេទ TR72-600 ចំនួន៣គ្រឿង ក្នុងពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ នេះ។ ទន្ទឹមនឹងនេះ សុខុមាលភាពរបស់បុគ្គលិកក្រុមហ៊ុន និងការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទ ក៏ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ មានដូចជាក្រសួង ស្ថាប័ន ដៃគូអាជីវកម្ម ទីភ្នាក់ងារទេសចរណ៍ និង បុគ្គលិកក្រុមហ៊ុន ដែលបានខិតខំជួយជ្រោមជ្រែង និងគាំទ្រកិច្ចដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជាឱ្យទទួលបានជោគជ័យ ដោយរក្សាបានសន្តិសុខនិងសុវត្ថិភាពល្អប្រសើរ ជូនអ្នកដំណើរតាមផ្លូវអាកាស ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដា សុវត្ថិភាពហោះហើររបស់សមាគមន៍ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IOSA) ។ មិនត្រឹមតែសុវត្ថិភាពប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់អំពីផាសុខភាពរបស់អ្នកដំណើរដែរ គឺសេវាកម្មរបស់អាកាសចរណ៍ជាតិទទួល បានចំណាត់ថ្នាក់ផ្កាយបី ពីសេវាកម្មអាកាសចរណ៍ Skytrax ទៀតផង។
ជាលទ្ធផល ក្នុងឆ្នាំ២០២៤កន្លងមកនេះ ក្រុមហ៊ុនសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់សំគាល់ ដោយមានការកើនឡើង នៃប្រាក់ចំណូលដល់ទៅ៥០% បើប្រៀបធៀបទៅនឹងឆ្នាំ2023។ ភាព ជោគជ័យទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចំពោះសុវត្ថិភាព និងសេវាកម្មល្អប្រណិត និងភាពរីកចំរើនដោយចីរភាពក្នុងវិសយ័អាកាសចរ របស់កម្ពុជា៕ដោយ ៖ គង់ រ៉េន















