យោងតាមប្រភពចំនួនពីរដែលដឹងពីបញ្ហាបានឲ្យដឹងថា កិច្ចព្រមព្រៀងដាក់បន្ថែមទ្រព្យសកម្មក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក ត្រូវផ្អាកបណ្តោះអាសន្ន បន្ទាប់ពីប្រទេសចិន បង្ហាញថាខ្លួននឹងមិនអនុម័ត កិច្ចព្រមព្រៀងនេះទេ ក្រោយការប្រកាសដំឡើងពន្ធរបស់ប្រធានាធិបតី លោក Donald Trump ក្នុងសប្តាហ៍នេះ ។
លោក Trump កាលពីថ្ងៃសុក្រ ទី៤ មេសា បានបន្ថែមពេលថ្ងៃផុតកំណត់លក់ក្រុមហ៊ុន TikTok រហូតដល់៧៥ ថ្ងៃទៀត សម្រាប់ក្រុមហ៊ុនមេ ByteDance ដើម្បីលក់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមនៅសហរដ្ឋអាមេរិក ទៅឱ្យអ្នកទិញដែលពុំមែនជាជនជាតិចិន បើមិនដូច្នេះទេនឹងត្រូវប្រឈមការហាមឃាត់ដែលត្រូវបានសន្មត់ចូលជាធរមានកាលពីខែមករា ក្រោមច្បាប់ឆ្នាំ២០២៤។

យោងតាមប្រភពមួយបានឱ្យដឹងថា កិច្ចព្រមព្រៀង ដែលរចនាសម្ព័នត្រូវបញ្ចប់ចុងក្រោយយ៉ាងទូលំទូលាយកាលពីថ្ងៃពុធ នឹងត្រូវបង្វែរប្រតិបត្តិការរបស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិកទៅជាក្រុមហ៊ុនថ្មីមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយភាគច្រើនគ្រប់គ្រងនិងដំណើរការដោយវិនិយោគិនអាមេរិក។
ពេលនេះប្រទេសចិនប្រឈមមុខនឹងការដំឡើងពន្ធ៥៤ភាគរយលើទំនិញដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីលោក Trump បានប្រកាសថា លោកដំឡើងពន្ធបន្ថែម៣៤ភាគរយនៅសប្តាហ៍នេះ ដែលជំរុញឱ្យប្រទេសចិនសងសឹក កាលពីថ្ងៃសុក្រ។ លោក Trump និយាយថាលោកមានឆន្ទៈក្នុងការកាត់បន្ថយពន្ធលើប្រទេសចិនដើម្បីទទួលបានកិច្ចព្រមព្រៀងធ្វើឡើងជាមួយក្រុមហ៊ុនមេ ByteDance ដើម្បីលក់កម្មវិធីដែលត្រូវបានប្រើប្រាស់ដោយពលរដ្ឋអាមេរិកចំនួន១៧០លាននាក់។

