ប្រធានធនាគារកណ្តាល លោក Jerome Powell បាននិយាយកាលពីថ្ងៃសុក្រថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ទំនងជាបណ្តាលឲ្យអតិផរណាកើនឡើង ដោយបានព្រមានផងដែរអំពីហានិភ័យនៃភាពអត់ការងារធ្វើខ្ពស់។
វិធានការពាណិជ្ជកម្មយ៉ាងតឹងតែងរបស់ប្រធានាធិបតី លោក Donald Trump ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះ បានបង្កើនការត្រួតពិនិត្យទៅលើ លោក Powell និងពីមធ្យោបាយដែលធនាគារកណ្តាលនឹងប្រតិកម្មចំពោះទីផ្សារហិរញ្ញវត្ថុធ្លាក់ចុះមិនអាចទប់បាន និងការព្រួយបារម្ភថា សង្រ្គាមពាណិជ្ជកម្មដែលអូសបន្លាយពេលនឹងបង្កើនតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់ និងអត្រាគ្មានការងារធ្វើ។
លោក Powell បាននិយាយក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Virginia ថា «បច្ចុប្បន្ននេះ វាច្បាស់ហើយថាការដំឡើងពន្ធនឹងមានទំហំធំជាងការដែលត្រូវបានរំពឹងទុក»។ ជាមួយគ្នានេះ ទំនងជាការពិតចំពោះផលប៉ះពាល់សេដ្ឋកិច្ច ដែលនឹងរួមបញ្ចូលអតិផរណាឡើងខ្ពស់និងកំណើនយឺត ហើយវា «ឆាប់ពេក» ដើម្បីពិចារណាលើការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។
លោក Powell បាននិយាយប៉ុន្មាននាទីបន្ទាប់ពីលោក Trump បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយបានជំរុញឱ្យលោកកាត់បន្ថយអត្រាការប្រាក់ភ្លាមៗ និងចោទប្រកាន់លោកថាបានលេងនយោបាយនៅក្នុងតួនាទីរបស់លោកដែលគ្រប់គ្រងធនាគារកណ្តាលអាមេរិកឯករាជ្យ។