
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២២ ខណៈសេចក្តីព្រាងច្បាប់នេះ គឺដើម្បីបង្កើនថវិកាជូនដល់រាជរដ្ឋាភិបាល ក្នុងបន្តគ្រប់គ្រងសភាពការណ៍វិបត្តិនៃកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ព្រមទាំងហានិភ័យផ្សេងៗផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំសមាជិកនៃព្រឹទ្ធសភាទាំងអស់ដែលបានចូល រួមមានចំនួន៥៤លើ៥៤ដែលបានឯកភាពអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ ក៏ដូចជាសេចក្តីព្រាងច្បាប់ ចំនួនពីរទៀត ដែលគណៈកម្មការបានដាក់ជូន។
ឯកឧត្តមបានបន្តថា ការដែលសមាជិកព្រឹទ្ធសម្រេចអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ឆ្នាំ២០២២នេះ គឺមើលឃើញថា វាគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្ដគ្រប់គ្រងសហភាពការណ៍ទូទៅបាន មិនថាកូវីដ១៩ ឬបញ្ហាភាពក្រីក្រអ្វីនោះឡើយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងជាតិ គឺមានប្រមាណជាង៧.៩ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ២០២២នេះ គឺរាជរដ្ឋាភិបាលបានបង្កើនរងហូតដល់ជាង៨.៥ពាន់លានដុល្លារ អាមេរិក ដោយការបង្កើនរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីបន្តទប់ស្កាត់នៃវិបត្តិកូវីដ១៩ ដោះស្រាយបញ្ហាក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋ និងស្តាសេដ្ឋកិច្ចឡើងវិញដោយសារបញ្ហាកូវីដ១៩ជាដើម។
បើតាមឯកឧត្តម ម៉ម ប៊ុននាង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងផងដែរថា ក្រៅពីអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង់ឆ្នាំ២០២២ សមាជិកព្រឹទ្ធសភាទាំងអស់ក៏បានសម្រេចអនុម័ត សេចក្តីព្រាង ច្បាប់ចំនួន២ទៀតផងដែរ ដោយក្នុងនោះ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ និង ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទជាដើម៕អត្ថបទ៖ បាន ចក់




