វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំកម្មវិធីសង្ក្រាន្តចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសាម្សិលមិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីខ្មែរ ដោយមានចូលរួមពីលោក ច្រឹង ណារី នាយក វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន លោកគ្រូ អ្នកគ្រូ និងនិស្សិតជាច្រើនកុះករ។
នៅក្នុងកម្មវិធីសង្គ្រាន្ត លោកច្រឹង ណារី បានឱ្យដឹងថា ការរៀបចំកម្មវីធីសង្រ្កាន្តនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងរាំលេងកម្សាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោកបន្តថា ការលេងល្បែងប្រជាប្រិយខ្មែរនោះមានដូចជា៖ ទាញព្រ័ត្រ វាយក្អម លាក់កន្សែង ស្តេចចង់ និងលោកបាវជាដើម។
មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាសាលារៀន វត្តអារាម ស្ថាប័នរដ្ឋ និងវិស័យឯកជននានា បានរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងផុសផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ការរៀបចំកម្មវិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា ឆ្នាំ២០២៥នេះ ពិធីបុណ្យចូលថ្មី ប្រពៃណីជាតិ នឹងរៀបចំធ្វើឡើង ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ដោយថ្ងៃទី១. ហៅថា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២.វារៈវ័នបត និងថ្ងៃទី៣.វារៈឡើងស័ក ឬហៅថា ថ្ងៃឆ្លងឆ្នាំ៕ អត្ថបទ៖ទូច សោភ័ណ












