អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte បានបញ្ជាក់កាលពីថ្ងៃសុក្រថា សមាជិកភាពសម្ព័ន្ធយោធាណាតូរបស់អ៊ុយក្រែន នឹងមិនត្រូវបានដាក់បញ្ចូលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO លោក Rutte បានបញ្ជាក់ជាថ្មីថា រដ្ឋជាសមាជិកបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុនថា ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធនេះគឺ «មិនអាចត្រឡប់វិញបានទេ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា មិនដែលមានការសន្យាចំពោះអ៊ុយក្រែនដើម្បីបញ្ចូលជាសមាជិកភាពណាតូ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។
កិច្ចប្រជុំរយៈពេលពីរថ្ងៃ ក៏បានមើលឃើញការព្រួយបារម្ភដែលបានលើកឡើងជុំវិញការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកដែលប្រកាសដោយប្រធានាធិបតី លោក Donald Trump។
រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បានព្រមានថា ការដំឡើងពន្ធបែបនេះ អាចផ្ទុយនឹងគោលការណ៍បង្កើតអង្គការណាតូ ដោយនិយាយថា វិធានការសេដ្ឋកិច្ច នឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មក្នុងចំណោមសម្ព័ន្ធមិត្តណាតូ។