ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ បានចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារចំនួន ៦លើកដាច់ដោយឡែកពីគ្នា លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន ក្នុងរយៈពេលតែមួយថ្ងៃ ខណៈដែលអ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធគ្នា ដែលកំពុងបន្តនៅក្នុងតំបន់ឃើស( Kursk)។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់បំពង់បង្ហូរឧស្ម័នធម្មជាតិ និងរោងចក្រថាមពលរបស់ខ្លួន នៅក្នុងតំបន់ Bryansk, Tambov និង Lipetsk។ ជាលទ្ធផល ប្រជាជនជាច្រើនគ្រួសារ នៅក្នុងតំបន់ទាំងនេះ បានជួបប្រទះការរំខានទាំងការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី។
ក្រសួងក៏បានរាយការណ៍ដែរថា កាលពីសប្តាហ៍មុន កងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់កន្លែងតាំងទីលំនៅចំនួន ៨កន្លែង ។ ពួកគេបានធ្វើការវាយប្រហារដោយគ្រាប់បែកចង្កោមចំនួន ៧គ្រាប់ ប្រើអាវុធដែលអាចវាយប្រហារគោលដៅជាក់លាក់ខ្ពស់ និងយានដ្រូន ដោយកំណត់គោលដៅទៅលើគ្រឿងយុទ្ធោបករណ៍សំខាន់ៗរបស់អ៊ុយក្រែន រួមទាំងអាកាសយានដ្ឋាន ឧស្សាហកម្មអវកាស ប៉ុស្តិ៍បញ្ជាការ រោងចក្រដំឡើង និងកន្លែងផ្ទុកយានដ្រូន។ ឃ្លាំងរំសេវរបស់អ៊ុយក្រែន ទីតាំងផលិតគ្រឿងផ្ទុះ និងទីតាំងដាក់ពង្រាយយោធា បណ្តោះអាសន្នសម្រាប់ទាំងទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ក៏ត្រូវបានកំណត់គោលដៅផងដែរ។