ក្រុមផ្តល់ជំនួយ បានព្រមានថា ផែនការរបស់ប្រទេសប៉ាគីស្ថាន ក្នុងការបណ្តេញជនភៀសខ្លួនអាហ្វហ្គានីស្ថានភាគច្រើន នៅឆ្នាំនេះ នឹងបង្កឲ្យមានវិបត្តិមនុស្សធម៌ថ្មី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារការផ្តល់មូលនិធិពីបរទេស ត្រូវបានកាត់បន្ថយ ហើយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ជនភៀសខ្លួនត្រឡប់មកវិញនោះ។
ប្រទេសប៉ាគីស្ថាន គឺជាជម្រករបស់ជនជាតិអាហ្វហ្គានីស្ថានប្រហែល ៣លាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ក្នុងអំឡុងពេលសង្រ្គាមជាច្រើនទសវត្សរ៍។ ចំនួននេះ រាប់បញ្ចូលទាំងជនជាតិអាហ្វហ្គានីស្ថាន ដែលកើតនៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាអ្នកដែលស្វែងរកទីជំរក បន្ទាប់ពីក្រុមតាលីបង់បានត្រឡប់មកកាន់អំណាច នៅក្នុងឆ្នាំ ២០២១។
ពួកគេ គឺជាក្រុមចម្បងដែលប្រឈមនឹងការនិរទេស ក្រោមការបង្រ្កាបទូទាំងប្រទេសរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីបង្ខំជនបរទេសដែលរស់នៅក្នុងប្រទេសនេះ ដោយខុសច្បាប់។ ការជំរុញនេះ ក៏រួមបញ្ចូលទាំងអ្នកកាន់ប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថានផងដែរ ដែលត្រូវបានផ្តល់ពេលវេលាកំណត់ ដើម្បីចាកចេញត្រឹមថ្ងៃទី ៣១ ខែមីនា។ អាជ្ញាធរប៉ាគីស្ថាន បានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេមិនបានពន្យារពេលកំណត់នោះទេ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មនុស្ស ៨00.000 នាក់ ដែលមានប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន និង អាហ្វហ្គានីស្ថានគ្មានឯកសារចំនួន ១ លាននាក់ បច្ចុប្បន្ន ត្រូវបានកំណត់ថា នឹងត្រូវបណ្តេញចេញ។ ចាប់តាំងពីការចាប់ផ្តើមនៃការបង្រ្កាបនៅឆ្នាំ ២០២៣ ជនជាតិអាហ្វហ្គានីស្ថានជាង ៨៤៣.000 នាក់ បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។