ក្រុមយុទ្ធជនឃើដជាច្រើននាក់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានចាកចេញពីសង្កាត់ចំនួនពីរ ក្នុងទីក្រុងអាឡិបប៉ូ ភាគខាងជើងនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី កាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកណ្តាល នៅទីក្រុងដាម៉ាស ដែលកំពុងពង្រីកសិទ្ធិអំណាច នៅក្នុងប្រទេសនេះ។
ក្រុមប្រយុទ្ធជន បានចាកចេញពីសង្កាត់ភាគខាងជើងដែលជនជាតិឃើដភាគច្រើនរស់នៅ គឺសង្កាត់ Sheikh Maksoud និង Achrafieh ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យុទ្ធជនឃើដ នៅទីក្រុងអាឡិបប៉ូ ក្នុង រយៈពេល មួយទសវត្សរ៍កន្លងទៅនេះ។
កិច្ចព្រមព្រៀងនេះ គឺជាការជំរុញដល់កិច្ចព្រមព្រៀងមួយ ដែលសម្រេចបានកាលពីខែមុន រវាងរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ស៊ីរី និងអាជ្ញាធរដឹកនាំដោយឃើដ ដែលគ្រប់គ្រងភាគឦសានរបស់ប្រទេសនេះ។ កិច្ចព្រមព្រៀងនេះ នៅទីបំផុត អាចនាំទៅដល់ការបញ្ចូលគ្នានៃកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកដ៏សំខាន់ នៅក្នុងប្រទេសស៊ីរី ទៅក្នុងកងទ័ពស៊ីរី។
ការដកយុទ្ធជនចេញពីកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឃើដ បានកើតឡើង មួយថ្ងៃបន្ទាប់ពីអ្នកទោសរាប់សិបនាក់មកពីភាគីទាំងពីរ ត្រូវបានដោះលែង នៅទីក្រុងអាឡិបប៉ូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសស៊ីរី។