អ្នកនាំពាក្យយោធាហ៊ួទីនៅប្រទេសយេម៉ែន លោក Yahya Sarea បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមនេះ បានបើកការវាយប្រហារថ្មីដោយយានដ្រូន ទៅលើ «គោលដៅយោធា" ក្នុងទីក្រុងតែលអាវីវ ( Tel Aviv) របស់អ៊ីស្រាអែល ហើយបានបាញ់ទម្លាក់យយានដ្រូនចារកម្មរបស់សហរដ្ឋអាមេរិក នៅពីខាងលើខេត្ត Saada ភាគខាងជើងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដែលចាក់ផ្សាយដោយទូរទស្សន៍ហ៊ួទី al-Masirah TV លោក Sarea បាននិយាយថា មីស៊ីលបាញ់ពីដីវាយប្រហារគោលដៅលើដី បានបាញ់ទម្លាក់យន្តហោះដ្រូន Giant Shark F360 ពីខាងលើខេត្ត Saada។
កាលពីថ្ងៃសុក្រ លោក Sarea បានអះអាងថា ក្រុមនេះ បានបើកការវាយប្រហារចំនួនពីរលើក លើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងអមដំណើរនាវាចម្បាំង នៅសមុទ្រក្រហមភាគខាងជើង។ យោធាអាមេរិក មិនបានធ្វើអត្ថាធិប្បាយទេ។
ភាពតានតឹងរវាងក្រុមហ៊ួទី និងយោធាអាមេរិក បានកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសថ្មីលើប្រទេសយេម៉ែន កាលពីថ្ងៃទី ១៥ ខែមីនា ដើម្បីរារាំងក្រុមហ៊ួទី ពីការវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវាចម្បាំង នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។