អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានព្រមានថា៖«គ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ»។
ចំពេលមានការប្រឆាំងរីករាលដាល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) កាលពីថ្ងៃពុធបានចុះហត្ថលេខាលើក្រឹត្យស្តីពីអ្វីដែលគេហៅថា «ពន្ធបដិការ » ដោយដាក់ «ពន្ធមូលដ្ឋានអប្បបរមា» ១០ភាគរយ និងអត្រាខ្ពស់លើដៃគូពាណិជ្ជកម្មមួយចំនួន។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក ហ្គុយតឺរេសអំពីគោលនយោបាយពន្ធគយចុងក្រោយបង្អស់របស់សេតវិមាន លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ៖«នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ពុំមាននរណាម្នាក់ ឈ្នះទេ»។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«ក្តីបារម្ភរបស់យើងនៅពេលនេះ គឺជាមួយនឹងប្រទេសដែលងាយរងគ្រោះបំផុត ដែលចំបាច់ត្រូវត្រៀមដោះស្រាយស្ថានភាពបច្ចុប្បន្ននេះ»។
លោកបានកត់សម្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នឹងរងផលប៉ះពាល់ «អវិជ្ជមាន» ដោយសង្គ្រាមពាណិជ្ជកម្មពិភពលោក។