ក្រសួងពាណិជ្ជកម្ម (MOC) បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសចិនបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួន ១១ ក្នុងនោះមាន ក្រុមហ៊ុនSkydio និង BRINC Drones ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឲ្យ ទុកចិត្តរបស់ខ្លួន។
អ្នកនាំពាក្យក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមិនយកចិត្តទុកដាក់ចំពោះការប្រឆាំងខ្លាំងពីប្រទេសចិន ក្រុមហ៊ុនទាំងនេះ បានអនុវត្តកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាយោធាជាមួយតៃវ៉ាន់ ដោយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រទេសចិន បានឲ្យក្រុមហ៊ុនចំនួន ១១ ទទួលខុសត្រូវចំពោះសកម្មភាពខុសច្បាប់របស់ពួកគេ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា ប្រទេសចិនតែងតែដោះស្រាយបញ្ហាទាក់ទងនឹងបញ្ជីអង្គភាពដែលមិនគួរឲ្យទុកចិត្តរបស់ខ្លួនដោយប្រយ័ត្នប្រយែង ហើយផ្តោតតែទៅលើអង្គភាពបរទេសតិចតួចប៉ុណ្ណោះដែលបំផ្លាញសន្តិសុខជាតិរបស់ប្រទេសចិន។