ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា មរណភាពរបស់ លោកវេជ្ជបណ្ឌិត បីច រីចច្នឺ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ឬ គេហៅថា ពេទ្យទេវតាជួយដល់កុមារកម្ពុជារាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់នោះ គឺជាការបាត់បង់ឥស្សរជនមនុស្សធម៌ ដ៏ឆ្នើម ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
យោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាល ដែលបានចេញនូវព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះបានលើកឡើងថា ក្រសួងសុខាភិបាលមានការសោកស្តាយជាអនេក និងការចូលរួមមរណៈចំពោះការបាត់បង់ឥស្សរជនមនុស្សធម៌ដ៏ឆ្នើមក្នុងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាពីជំងឺដង្កាត់ផ្សេងៗ ហើយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត អំពីមរណភាពរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បីច រីចច្នឺ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ) ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស។
គេហទំព័រ បានបន្តថា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាងនាមឲ្យថ្នាក់ដឹកនាំ បុគ្គលិក-មន្ត្រីសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៃក្រសួងសុខាភិបាលជាពិសេស នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណភាព និងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ« ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ»។
គេហទំព័រដដែល បានបន្តទៀតថា ២៥ឆ្នាំកន្លងទៅនេះ ឯកឧត្តមវេជ្ជបណ្ឌិត បីច រីចច្នឺ បានបង្កើតស្នាដៃមនុស្សធម៌ដ៏ធំធេង នៅក្នុងប្រវត្តិនៃការអភិវឌ្ឍន៍ វិស័យសុខាភិបាលកម្ពុជាក្រោយពីថ្ងៃរំដោះ៧ មករា ១៩៧៩មក គឺការបង្កើតពង្រីក និងអភិវឌ្ឍមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប ហើយ លោកសាស្ត្រាចារ្យ បីច រីចច្នឺ បានបង្ហាត់បង្ហាញដឹកនាំការពិនិត្យព្យាបាលជំងឺកុមារនៅកម្ពុជា ទោះជាស្ថិតនៅក្នុងដំណើរដ៏លំបាកលំបិនក៏ដោយក៏លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត បីច រីចច្នឺ មិនរួញរាឡើយ ថែមទាំងបានលះបង់ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញាស្មារតីតម្រិះវេជ្ជសាស្ត្រ និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងស្វែងរក និងប្រមូលវិភាគទានសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា នៅកម្ពុជាដោយកម្លាំងផ្ទាល់ខ្លួនដោយមិនមានការនឿយហត់ដើម្បីសុខភាពកុមារកម្ពុជាទាំងមូល។
ទង្វើខាងលើរបស់លោក សាស្ត្រាចារ្យ បីច រីចច្នឺ គឺពិតជាគំរូវីរភាពដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ ហើយតាមរយៈស្នាដៃរបស់លោកសាស្ត្រាចារ្យ បីច រីចច្នឺ ខាងលើនេះដែរ កុមារកម្ពុជាជាច្រើននាក់ទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយសមិទ្ធផលដែលបានកើតចេញពីស្នាដៃរបស់លោកសាស្ត្រាចារ្យ បីច រីចច្នឺ នៅលើទឹកដីកម្ពុជានេះ និងពិតជាបានបន្សល់ទុកឲ្យជាផលប្រយោជន៍ សម្រាប់កុមារកម្ពុជាជាបន្ត និងនៅស្ថិតស្ថេរជានិរន្ត។
ជាមួយគ្នានោះក្រសួងសុខាភិបាលបានសន្យាថា និងខិតខំបន្តនូវបេសកកម្មមនុស្សធម៌របស់ឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ ជាបន្តទៀត ដើម្បីសុខភាពកុមារកម្ពុជា មិនឲ្យសាបសូន្យឡើយ។លើសពីនេះ យើងខ្ញុំទាំងអស់គ្នា និងចារិកទុកក្នុងចិត្តនូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ ដូចបានរៀបរាប់ខាងលើ និងដើម្បីជាសក្ខីភាពនៃការគោរពនូវវីរភាពរបស់លោកសាស្ត្រាចារ្យ បីច រីចច្នឺ នេះ ក្រសួងសុខាភិបាលកម្ពុជា បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ បីច រីចច្នឺ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាលនៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣:០០រសៀលផងដែរ។
សូមរំលឹកថា ឯកឧត្តមវេជ្ជបណ្ឌិត បីច រីចច្នឺ (កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧) ជាជនជាតិ ស្វីស។ គាត់ជាពេទ្យកុមារ អ្នកលេងសូរឡោ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅ ព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។បន្ទាប់ពីទទួលបាន បរិញ្ញាបត្រវេជ្ជសាស្ត្រ ក្នុងឆ្នាំ១៩៧៣ លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ធ្វើជាអ្នកឯកទេស ថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។
បន្ទាប់មក លោក បីច រីចច្នឺ បានធ្វើការអោយកាកបាទក្រហមស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជាជាទីដែលលោកបានធ្វើការ នៅមន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះ ត្រូវបានប្រសិទ្ធភាពនាម ដើម្បីជាការចងចាំដល់សម្តេចព្រះអង្គម្ចាស់នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។
នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំអោយចាកចេញទៅប្រទេសស្វីសវិញ ដែលជាទីដែលលោកបានបន្តការងាររបស់លោកនៅទីក្រុងហ្ស៉ូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្តលោក បីច រីចច្នឺ បានអភិវឌ្ឍន៍ចារិកលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡូ។ ស្របគ្នាជាមួយមុខនាទីនេះ ឯកឧត្តមបីច រីចច្នឺ ក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ “Beatocello” ។
នៅខែធ្នូ ១៩៩១លោក បីច រីចច្នឺ បានត្រឡប់មក កម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបានកើតឡើង ដោយសារសង្គ្រាមស៊ីវិល។ លោក ត្រូវបានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផា នៅខែមីនា ១៩៩២ និងត្រូវបានបើកទ្វារ ឡើងវិញនៅខែ វិច្ឆិកា ១៩៩២ផងដែរ៕