កងទ័ពអ៊ីស្រាអែល បាននិយាយទទួលស្គាល់ថា ទាហានរបស់ខ្លួនមានកំហុសចំពោះការបាញ់សម្លាប់ក្រុមការងារសង្រ្គោះបន្ទាន់ ១៥នាក់ នៅតំបន់ភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃទី ២៣ ខែមីនាកន្លងទៅ ប៉ុន្តែពួកគេនិយាយថា អ្នកស្លាប់មួយចំនួនមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ។
ក្បួនរថយន្តរបស់ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន រថយន្តគិលានសង្រ្គោះ រថយន្តអង្គការសហប្រជាជាតិ(UN) និងរថយន្តពន្លត់អគ្គិភ័យ មកពីក្រុមការពារជនស៊ីវិលហ្កាហ្សា រងការបាញ់ប្រហារនៅជិតទីក្រុង Rafah ។
អ៊ីស្រាអែល បានអះអាងកាលពីដំបូងថា ទាហានរបស់ពួកគេ បានបាញ់ប្រហារ ដោយសារក្បួនរថយន្ត នេះសង្ស័យបើកមកជិតទាំងងងឹត ដោយពុំបានបើកភ្លើង ឬសុំផ្លូវ ។ ការបើកបរឆ្លងកាត់របស់រថយន្តទាំងនេះ ពុំបានសម្របសម្រួលជាមុន ឬមានការយល់ព្រមពីកងទ័ពនោះឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពវីដេអូឃ្លីបនៅក្នុងទូរស័ព្ទត្រូវបានថតដោយក្រុមគ្រូពេទ្យបឋមដែលត្រូវបានសម្លាប់ ឃើញរថយន្តពិតជាបានបើកភ្លើង ពេលដែលពួកគេទូរស័ព្ទសុំឲ្យជួយមនុស្សរងរបួស ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA) របស់ UN បាននិយាយថា កាលពីថ្ងៃអាទិត្យ ទី ៣០ ខែមីនា ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពក្រុមការងារជំនួយចំនួន ១៥នាក់ នៅតំបន់ហ្កាហ្សា ជាការបញ្ចប់ប្រតិបត្តិការស្វែងរកអស់រយៈពេល ១សប្តាហ៍ សម្រាប់សមាជិកក្រុមសង្រ្គោះបន្ទាន់ ដែលបានបាត់ខ្លួន ក្រោយរងការបាញ់ប្រហារយ៉ាងខ្លាំងក្លារួចមក ។
ក្រុមមន្រ្តីមកពីអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និង UN បានបញ្ជាក់ថា ក្រុមសង្រ្គោះបន្ទាន់មកពីក្រុមកាកបាទក្រហម ក្រុមអឌ្ឍចន្ទក្រហម ក្រុមការងារ UN និងក្រុមសេវាកម្មសង្រ្គោះបន្ទាន់ជនស៊ីវិលប៉ាឡេស្ទីន បានក្លាយជាគោលដៅវាយប្រហាររបស់ទាហានអ៊ីស្រាអែល ៕



