សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ស្ថានភាពអាកាសធាតុអាក្រក់បង្កឡើងដោយសារព្យុះ បានវាយប្រហាររដ្ឋ Tennessee សហរដ្ឋអាមេរិក បណ្តាលឲ្យដាច់ចរន្តអគ្គិសនី ធ្វើឲ្យប៉ះពាល់ដល់មនុស្ស ៦២.០០០នាក់ ។
រូបភាពវីដេអូឃ្លីបសាក្សីពីទីក្រុង Nashville ឃើញខ្យល់ និងភ្លៀងធ្លាក់ខ្លាំង បានបោកបក់ឆ្លងកាត់ទីក្រុងមួយនេះ កាលពីថ្ងៃសៅរ៍ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក រាយការណ៍ថា ព្យុះកួច បានវាយប្រហារទីក្រុង Cross Plains គឺជាទីក្រុងមួយស្ថិតនៅចម្ងាយប្រហែល ៥៣គ.ម ភាគខាងជើងរដ្ឋធានី Nashville ពេលដែលស៊ីរ៉ែនបន្លឺឡើងទូទាំងតំបន់ ។
មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ចាប់តាំងពីព្យុះកើតមាន ក្នុងនោះមនុស្ស ១០នាក់ បានស្លាប់នៅរដ្ឋ Tennessee ។
ក្រុមអាជ្ញាធរ និយាយថា បុរសវ័យ ៥៧ឆ្នាំម្នាក់ បានស្លាប់កាលពីល្ងាចថ្ងៃសុក្រ ក្រោយពេលរូបលោកព្យាយាមចេញពីរថយន្តដែលត្រូវទឹកហូរនាំយកទៅនៅទីក្រុង West Plains រដ្ឋ Missouri ។
ទឹកជំនន់ បានសម្លាប់មនុស្ស ២នាក់នៅរដ្ឋ Kentucky រួមទាំងក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ ដែលត្រូវបានទឹកហូរនាំយកទៅ ពេលធ្វើដំណើរតាមផ្លូវទៅកាន់សាលារៀន និងបុរសវ័យ ៧៤ឆ្នាំម្នាក់ ដែលសាកសពរបស់គាត់ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ នៅក្នុងរថយន្តរងការជន់លិច នៅស្រុក Nelson ៕


