ភ្លៀងធ្លាក់ខ្លាំងនៅទីក្រង Angra dos Reis រដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល ធ្វើឲ្យក្រុមអាជ្ញាធរនៅទីនោះ ប្រកាសស្ថានភាពអាសន្នកាលពីថ្ងៃសៅរ៍ ។
សាលាក្រុង Angra dos Reis បានរាយការណ៍ពីភ្លៀងធ្លាក់កម្ពស់ ៣២៤មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង នាំឲ្យកើតមានការជន់លិច និងបំណាក់ដីធ្ងន់ធ្ងរ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ៣៤៦នាក់ គ្មានផ្ទះសម្បែងរស់នៅ ដោយសារព្យុះ ។ ក្រុមការពារស៊ីវិល បានបញ្ជូនសារប្រកាសអាសន្នតាមសារទូរស័ព្ទដៃ និងស៊ីរ៉ែននៅទូទាំងសង្កាត់ ៤៦ ដើម្បីព្រមានដល់អ្នកស្រុក ។
ក្រុមអ្នកស្រុកនាំគ្នាស្ទង់ការខូចខាតផ្ទះសម្បែងរបស់ពួកគេ កាលពីថ្ងៃសៅរ៍ ក្នុងនោះអ្នកស្រុកម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេគ្មានពេលស្រោចស្រង់ទ្រព្យសម្បត្តិរបស់ពួកគេបានឡើយ ។
ក្រិត្យគ្រាអាសន្នអនុញ្ញាតឲ្យទីក្រុងមួយនេះ ទទួលបានធនធានបន្ថែមទៀត និងចាត់វិធានការការពារប្រជាពលរដ្ឋ រួមទាំងការបង្កើតជម្រកគាំទ្របណ្តោះអាសន្នចំនួន ៣៦កន្លែង ៕