អង្គការសហប្រជាជាតិ(UN) និយាយថា កុមារយ៉ាងហោច ១០០នាក់ ត្រូវបានសម្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារចាប់ផ្តើមឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនា ស្របពេលដែលសហរដ្ឋអាមេរិក គូសបញ្ជាក់ពីការបន្តគាំទ្រអ៊ីស្រាអែល ។
លោក Philippe Lazzarini គឺជាប្រធានទីភ្នាកងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UNRWA) បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃសៅរ៍ថា គ្មានអ្វីនិយាយត្រូវនោះទេ ចំពោះការសម្លាប់កុមារ ។
លោកនិយាយថា អ៊ីស្រាអែលកំពុងធ្វើឲ្យដែនដីឡោមព័ទ្ធមួយនេះ លែងមានកន្លែងសម្រាប់កុមារ ជ្រកកោន ហើយលោកមានភាពសោកសៅជាខ្លាំង នៅពេលដែលជីវិតក្មេងៗ ត្រូវបានកាត់ផ្តាច់នៅក្នុងសង្រ្គាមមួយនេះ ។ វាគឺជាស្នាមប្រឡាក់នៅលើមនុស្សជាតិរបស់ពួកយើង ។
ការប្រារព្ធទិវាកុមារប៉ាឡេស្ទីនថ្ងៃទី ៥ ខែមេសាជារៀងរាល់ឆ្នាំ ក្រសួងអប់រំប៉ាឡេស្ទីន និយាយថា កុមារស្ថិតក្នុងចំណោមជនរងគ្រោះមានគោលដៅខ្លាំងបំផុតនៃការឈ្លានពានរបស់អ៊ីស្រាអែល ក្នុងនោះកុមារ ១៧.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ៕