ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកចំពោះការវាយប្រហារ និងជាការធ្វើតេស្តមួយចំពោះបទឈប់បាញ់ដឹកនាំដោយសហរដ្ឋអាមរិក ។
ប្រជាពលរដ្ឋអ៊ុយក្រែននៅទីក្រុង Kryvyi Rih នាំគ្នាកាន់ទុក្ខកាលពីថ្ងៃសៅរ៍ ក្រោយការវាយប្រហារសម្លាប់មនុស្សរបស់រុស្ស៊ី កាលពីរយៈពេល ១ថ្ងៃមុន ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា កុមារ ៩នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៩នាក់ ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelenskiy មួយនេះ ។ វាស្ថិតក្នុងចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុតរបស់ទីក្រុងម៉ូស្គូនៅឆ្នាំនេះ ។
ក្រុមអាជ្ញាធរ និយាយថា យានដ្រូនរុស្ស៊ី បានវាយប្រហារផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង និងបានសម្លាប់មនុស្សម្នាក់ ។ ក្រុមមន្រ្តីបាននិយាយថា ការវាយប្រហារនេះដែរ បណ្តាលឲ្យមនុស្សច្រើននាក់ផ្សេងទៀត រងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រួមទាំងទារកអាយុ ៣ខែម្នាក់ផងដែរ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា ពួកគេមានគោលដៅលើរចនាសម្ព័ន្ធយោធាអ៊ុយក្រែន និងបានច្រានចោលការវាយប្រហារលើគោលដៅស៊ីវិល ប៉ុន្តែយោធាអ៊ុយក្រែន បរិហារសេចក្តីថ្លែងការណ៍របស់ទីក្រុងម៉ូស្គូថា ជាព័ត៌មានមិនពិត ។
ខណៈពេលនោះដែរ អគារឧស្សាហកម្មមួយខ្នងស្ថិតក្នុងតំបន់ Mordovia របស់រុស្ស៊ី រងការវាយប្រហារដោយយានដ្រូនផងដែរកាលពីថ្ងៃសៅរ៍ ៕