ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ Sein Pan ស្ថិតក្នុងទីក្រុងម៉ាន់ដាឡេ បាននិយាយរៀបរាប់ពីសង្កាត់មួយនេះ ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យដែលបានចាប់ផ្តើមជាលើកទី ២ ក្រោយការរញ្ជួយដីកាលពីសប្តាហ៍មុន ។
អ្នកស្រី Kyi Thein គឺជាអ្នកស្រុកមួយរូបដែលបានរត់គេចចេញពីកន្លែងកើតហេតុ និងបាត់បង់ទ្រព្យសម្បតិ្តរបស់គាត់ទាំងអស់និយាយថា អ្វីៗគ្មានសេសសល់ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះនៃអគ្គិភ័យ និងការរញ្ជួយដី ។

គួរឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានកើនឡើងដល់ ៣.៣៥៤នាក់ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ពេលដែលអង្គការសហប្រជាជាតិអំពាវនាវឲ្យពិភពលោក ឈរនៅពីក្រោយមីយ៉ាន់ម៉ា ។
សារព័ត៌មានរាយការណ៍ថា លើសពីចំនួនមនុស្សស្លាប់ដោយសារការររញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា មនុស្ស ៤.៨៥០នាក់ បានរងរបួស និងមនុស្ស ២២០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ដោយឡែក ប្រតិបត្តិការរុករកអ្នករស់រាននៅតែបន្តក្នុងទីក្រុងម៉ាន់ដាឡេ ដែលស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដី ក្នុងនោះក្រុមជួយសង្រ្គោះបរទេស បានជួយដល់កិច្ចខិតខំមួយនេះផងដែរ ៕


