មនុស្សម្នារាប់សែននាក់ បានសម្រុកដើរដង្ហែរតាមដងផ្លូវជុំវិញទីក្រុងចំនួន៤០ នៅទូទាំងប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (០៥ មេសា) ដើម្បីតវ៉ាប្រឆាំងនឹងកំណើនថ្លៃជួល និងកង្វះលំនៅឋានតម្លៃសមរម្យ នៅក្នុងប្រទេសមួយដែលរីករាយនឹងកំណើនសេដ្ឋកិច្ចលឿនបំផុតរបស់អឺរ៉ុប ប៉ុន្តែនៅតែទទួលរងពីកង្វះខាតលំនៅឋានធ្ងន់ធ្ងរ ដោយសារកំណើនវិស័យទេសចរណ៍ដ៏លើសលប់។
រដ្ឋាភិបាលកណ្តាលនិយមឆ្វេងរបស់អេស្ប៉ាញ បានព្យាយាមស្វែងរកតុល្យភាពរវាងការទាក់ទាញភ្ញៀវទេសចរ និងអន្តោប្រវេសន៍ដើម្បីបំពេញចន្លោះប្រហោងការងារ និងការរក្សាតម្លៃជួលសមរម្យសម្រាប់ពលរដ្ឋជាមធ្យម ដោយសារការជួលរយៈពេលខ្លីបានរីកដុះដាលនៅតាមទីក្រុងធំៗ និងគោលដៅតាមឆ្នេរសមុទ្រជាដើម ដែលធ្វើឱ្យប្រជាជនត្រូវបង្ខំចិត្តចំណាយថ្លៃជួលបន្ថែមទៀត។
ក្រុមសកម្មជនបានស្រែកតវ៉ាថា "មិនថាអ្នកណាគ្រប់គ្រងទេ រដ្ឋាភិបាលត្រូវការពារសិទ្ធិលំនៅឋាន" ក្នុងក្បួនដង្ហែនៅទីក្រុងម៉ាឌ្រីដ ជាទីដែលអ្នកតវ៉ាជាង ១៥០.០០០នាក់ បានដើរឆ្លងកាត់កណ្តាលរដ្ឋធានីមួយនេះ នេះបើយោងតាមសហជីពអ្នកជួលក្នុងតំបន់។

ទិន្នន័យពីគេហទំព័រអចលនទ្រព្យ Idealista បង្ហាញថា ការជួលជាមធ្យមរបស់អេស្ប៉ាញ បានកើនឡើងទ្វេដង ហើយតម្លៃផ្ទះកើនឡើង ៤៤% ក្នុងពេលមួយទសវត្សរ៍កន្លងមក ដែលឡើងហួសពីប្រាក់ខែដែលប្រជាជនទទួលបាន។ ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់ទីតាំងជួលក៏បានធ្លាក់ចុះពាក់កណ្តាល ចាប់តាំងពីជំងឺរាតត្បាតឆ្នាំ២០២០ មក។
អេស្ប៉ាញ ទទួលបានភ្ញៀវទេសចរ ៩៤លាននាក់ក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានអ្នកទៅកម្សាន្តច្រើនបំផុតទី២ លើពិភពលោក ក៏ដូចជាលំហូរនៃជនអន្តោប្រវេសន៍រាប់ពាន់នាក់។ យោងតាមទិន្នន័យផ្លូវការ មានតែលំនៅឋានថ្មីប្រហែល ១២០.០០០ខ្នងប៉ុណ្ណោះ ដែលត្រូវសាងសង់នៅអេស្ប៉ាញជារៀងរាល់ឆ្នាំ ដែលជាកម្រិត ១ភាគ៦ នៃតួលេខមុនពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលបន្ថែមបន្ទុកដល់កង្វះខាតផ្គត់ផ្គង់លំនៅឋានដ៏ធ្ងន់ធ្ងររួចទៅហើយ៕


