ភ្លៀងធ្លាក់ខ្លាំងនៅចុងសប្តាហ៍ បានវាយប្រហារទៅលើផ្នែកខ្លះដែលរងគ្រោះដោយរញ្ជួយដីនៅសហភាពមីយ៉ាន់ម៉ា ដោយទីភ្នាក់ងារជំនួយបាននិយាយថា បញ្ហាអាកាសធាតុនេះអាចបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងបង្កើនហានិភ័យនៃជំងឺ ខណៈប្រធានជំនួយរបស់អង្គការសហប្រជាជាតិ និយាយថា ក្រុមជំនួយត្រូវការតង់បន្ថែមទៀតដើម្បីផ្តល់ជម្រកដល់ជនរងគ្រោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកាលពីថ្ងៃទី២៨ ខែមីនា បានបន្តកើនឡើងដល់ ៣.៤៧១នាក់ ដោយមនុស្សចំនួន ៤.៦៧១នាក់បានរងរបួស និង ២១៤នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ទីភ្នាក់ងារជំនួយព្រមានថា ភ្លៀងកក់ខែ និងកម្ដៅខ្លាំង អាចបណ្តាលឱ្យមានការផ្ទុះឡើងនៃជំងឺ រួមទាំងអាសន្នរោគ ក្នុងចំណោមអ្នករួចជីវិតពីរញ្ជួយដី ដែលកំពុងបោះជំរំនៅទីវាល។
ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដូចជាចិន ឥណ្ឌា និងប្រជាជាតិអាស៊ីអាគ្នេយ៍ បានស្ថិតក្នុងចំណោមប្រទេសដែលបញ្ជូនសម្ភារៈសង្គ្រោះ និងក្រុមការងារកាលពីសប្តាហ៍មុន ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះនៅតំបន់រងគ្រោះដោយរញ្ជួយដី ដែលជាជម្រករបស់មនុស្សប្រហែល ២៨លាននាក់។

ចំណែកនៅប្រទេសថៃជិតខាង អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីបានកើនឡើងដល់ ២៤នាក់ហើយ។ ក្នុងនោះ មាន ១៧នាក់បានស្លាប់នៅទីតាំងអគារខ្ពស់មួយកន្លែងក្នុងរាជធានីបាងកក ដែលបានបាក់ពេលកំពុងសាងសង់ ហើយមនុស្ស ៧៧នាក់ទៀតនៅតែបាត់ខ្លួននៅទីនោះ៕


