ភ្នាក់ងារគយរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រមូលពន្ធឯកតោភាគី ១០% របស់លោកប្រធានាធិបតី Donald Trump លើការនាំចូលទាំងអស់ពីប្រទេសជាច្រើន កាលពីថ្ងៃសៅរ៍ (០៥ មេសា) ជាមួយនឹងការយកពន្ធខ្ពស់ខ្លាំងជាងនេះលើទំនិញពីដៃគូពាណិជ្ជកម្មធំៗជាង ៥៧ប្រទេស ដែលនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ពន្ធបដិការ "មូលដ្ឋាន" ១០% ដំបូង ដែលបង់ដោយអ្នកនាំចូលរបស់អាមេរិក បានចូលជាធរមាននៅកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងឃ្លាំងទំនិញរបស់អាមេរិក នៅម៉ោង ១២:០១ រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ដែលជាជំហានមួយបង្ហាញថា លោក Trump បដិសេធទាំងស្រុងនូវប្រព័ន្ធអត្រាពន្ធក្រោយសង្គ្រាមលោកលើកទីពីរ ដែលបានព្រមព្រៀងគ្នាទៅមកជាមួយពិភពលោក និងបំផ្លាញបទដ្ឋានពាណិជ្ជកម្មសកល។

ការប្រកាសពន្ធបដិការនៅថ្ងៃពុធ ០២ មេសា របស់លោក Trump បានអង្រួនទីផ្សារភាគហ៊ុនសកល ដោយលុបចោលតម្លៃ ៥សែនកោដិ៍ដុល្លារ ចេញពីសន្ទស្សន៍ S&P 500 ក្រោយបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាការធ្លាក់ចុះដ៏កំណត់ត្រាក្នុងពេលពីរថ្ងៃ។ ជំរុញដោយការភ័យខ្លាំងនៃវិបត្តិសេដ្ឋកិច្ច តម្លៃប្រេង និងទំនិញបានធ្លាក់ចុះ ខណៈវិនិយោគិនភៀសខ្លួនទៅរកទីសុវត្ថិភាពនៃការលក់ចេញប័ណ្ណបំណុលរដ្ឋាភិបាល។
ក្នុងចំណោមប្រទេសដែលរងពន្ធ ១០% ដំបូង រួមមានអូស្ត្រាលី អង់គ្លេស ប្រេស៊ីល កូឡុំប៊ី អាហ្សង់ទីន និងអារ៉ាប៊ីសាអ៊ូឌីត បើទោះបីជាប្រទេសទាំងនោះមានឱនភាពពាណិជ្ជកម្មទំនិញជាមួយអាមេរិក កាលពីឆ្នាំមុនក៏ដោយ។ ព្រឹត្តិបត្រគយ និងការការពារព្រំដែនអាមេរិក បានផ្តល់ពេលអនុគ្រោះ ៥១ថ្ងៃ សម្រាប់ទំនិញដែលផ្ទុករួច ឬកំពុងធ្វើដំណើរទៅអាមេរិកមុនម៉ោង ១២:០១រំលងអាធ្រាត្រឈានថ្ងៃសៅរ៍ ០៥ មេសា ដោយទំនិញទាំងនេះត្រូវមកដល់ត្រឹមថ្ងៃទី២៧ ខែឧសភា ដើម្បីបញ្ចៀសការបង់ពន្ធ ១០%៕

