ប្រជាជនរាប់រយនាក់ បានសម្រុកចេញតវ៉ានៅក្នុងទីក្រុងនានានៅទូទាំងអឺរ៉ុប កាលពីថ្ងៃសៅរ៍ (០៥ មេសា) ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិក Donald Trump និងទីប្រឹក្សាមហាសេដ្ឋីរបស់ខ្លួនគឺលោក Elon Musk បន្ទាប់ពីសប្តាហ៍ដ៏អាក្រក់សម្រាប់ទីផ្សារហិរញ្ញវត្ថុ ក្រោមលោក Trump បើកបង្ហាញពីពន្ធគយសកល។

នៅក្នុងទីក្រុង Frankfurt របស់អាល្លឺម៉ង់ បាតុកម្មដែលគេហៅថា "កុំលូកដៃ!" ត្រូវបានរៀបចំឡើងដោយអង្គការផ្លូវការ Democrats Abroad របស់បក្សប្រជាធិបតេយ្យ សម្រាប់ពលរដ្ឋអាមេរិក ដែលរស់នៅក្រៅប្រទេស។ នៅទីក្រុងប៊ែរឡាំង ក្រុមបាតុករនៅមុខបន្ទប់តាំងបង្ហាញរថយន្ត Tesla បានកាន់បដាអំពាវនាវឱ្យជនជាតិអាមេរិកដែលរស់នៅអាល្លឺម៉ង់ តវ៉ាទាមទារ "បញ្ចប់ភាពវឹកវរ" នៅសហរដ្ឋអាមេរិក។
នៅរដ្ឋធានីប៉ារីស មនុស្សប្រហែល ២០០នាក់ ដែលភាគច្រើនជាជនជាតិអាមេរិក បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Place de la République ដើម្បីតវ៉ាប្រឆាំងនឹងលោក Trump ដោយអ្នកខ្លះបានថ្លែងសុន្ទរកថារិះគន់ប្រធានាធិបតីរូបនោះ និងអ្នកខ្លះទៀតគ្រវីបដាតវ៉ាជាច្រើន។
ជាមួយគ្នានេះ ការតវ៉ាប្រឆាំងលោក Trump និងលោក Musk ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងអឺរ៉ុបផ្សេងទៀត រួមទាំងទីក្រុងឡុងដ្រ៍ ក្រុងលីសបោន នៅកន្លែងផ្សេងទៀត រួមទាំងទីក្រុងនានានៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ផងដែរ៕



