សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ (០៥ មេសា) ថា ខ្លួននឹងដកហូតទិដ្ឋាការទាំងអស់ដែលកាន់កាប់ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសស៊ូដង់ខាងត្បូង ជុំវិញការបរាជ័យរបស់ប្រទេសនេះ ក្នុងការទទួលយកពលរដ្ឋខ្លួនវិញដែលធ្វើមាតុភូមិនិវត្តន៍ ខណៈទ្វីបអាហ្រ្វិកបារម្ភថា ស៊ូដង់ខាងត្បូងអាចវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលវិញ។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump' បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ រួមទាំងការធ្វើមាតុភូមិនិវត្តន៍របស់មនុស្សដែលត្រូវចាត់ទុកថា រស់ក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។ រដ្ឋបាលនេះព្រមានថា ប្រទេសដែលមិនយកពលរដ្ឋរបស់ខ្លួនវិញភ្លាមៗ នឹងប្រឈមនឹងផលវិបាក រួមទាំងការដាក់ទណ្ឌកម្មទិដ្ឋាការ ឬពន្ធ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសស៊ូដង់ខាងត្បូង បានបរាជ័យក្នុងការគោរពគោលការណ៍ ដែលគ្រប់ប្រទេសទាំងអស់ត្រូវតែទទួលយកពលរដ្ឋរបស់ខ្លួនវិញឱ្យទាន់ពេលវេលា នៅពេលប្រទេសមួយផ្សេងទៀត រួមទាំងអាមេរិក និរទេសចេញ។
លោក Rubio លើកឡើងថា "ដោយមានប្រសិទ្ធភាពភ្លាមៗ ក្រសួងការបរទេសអាមេរិក កំពុងចាត់វិធានការដកហូតទិដ្ឋាការទាំងអស់ ដែលកាន់ដោយអ្នកកាន់លិខិតឆ្លងដែនស៊ូដង់ខាងត្បូង និងទប់ស្កាត់ការចូលក្នុងទឹកដីអាមេរិកបន្ថែមទៀត ដោយអ្នកកាន់លិខិតឆ្លងដែនស៊ូដង់ខាងត្បូង"៕


