ព្យុះកួចដ៏កាចសាហាវ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានកើតឡើងកាលពីថ្ងៃសៅរ៍ (០៥ មេសា) សម្រាប់ផ្នែកខ្លះនៃភាគខាងត្បូង និងផ្នែកកណ្តាលនៃភាគខាងលិច របស់សហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ បង្កការជន់លិច និងការខូចខាតជាច្រើន ខណៈអ្នកព្យាករព្រមានថា ទឹកទន្លេនៅកន្លែងមួយចំនួននឹងបន្តហក់ឡើងជាច្រើនថ្ងៃ។
ពីមួយថ្ងៃទៅមួយថ្ងៃ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកភាគកណ្តាលអាមេរិក ធ្វើឱ្យផ្លូវត្រូវជន់លិច និងបង្កឱ្យមានគ្រោះទឹកជំនន់យ៉ាងគំហុក ចាប់ពីរដ្ឋតិចសាស់ ដល់រដ្ឋអូហៃយ៉ូ។ សេវាអាកាសធាតុជាតិយាយថា ទីតាំងរាប់សិបនៅក្នុងរដ្ឋជាច្រើន ត្រូវរំពឹងថានឹងឈានដល់ "ដំណាក់កាលទឹកជំនន់ដ៏ធំ" ជាមួយនឹងការជន់លិចយ៉ាងទូលំទូលាយនៃរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។

យ៉ាងហោចណាស់មានអ្នកស្លាប់ទាក់ទងនឹងអាកាសធាតុចំនួន ១៦នាក់ ត្រូវបានរាយការណ៍ ចាប់តាំងពីការចាប់ផ្តើមនៃព្យុះ រួមទាំង ១០នាក់នៅក្នុងរដ្ឋ Tennessee។ ការព្រមានអំពីគ្រោះទឹកជំនន់យ៉ាងគំហុក និងព្យុះកួច បានបន្តចេញនៅថ្ងៃសៅរ៍ នៅទូទាំងរដ្ឋ Arkansas រដ្ឋ Mississippi រដ្ឋ Tennessee និងរដ្ឋ Kentucky ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់នៅក្នុងលាយឡំ។ ភាគខាងកើតទាំងអស់នៃរដ្ឋ Kentucky ស្ថិតនៅក្រោមការឃ្លាំមើលទឹកជំនន់រហូតដល់ព្រឹកថ្ងៃអាទិត្យ ០៦ មេសា នេះ។
បណ្ដាញផ្លូវនៅរដ្ឋ Kentucky រាប់រយខ្សែនៅទូទាំងរដ្ឋគឺមិនអាចឆ្លងកាត់បានទេ ដោយសារទឹកជំនន់ ដើមឈើដួលរលំ ឬភក់ និងថ្មបាក់។ អ្នកព្យាករសន្មតថា អាកាសធាតុដ៏អាក្រក់នេះគឺដោយសារសីតុណ្ហភាពក្តៅ បរិយាកាសមិនស្ថិតស្ថេរ ខ្យល់បក់បោកខ្លាំង និងសំណើមច្រើនក្រៃលែងពីឈូងសមុទ្រ៕

