ព្យុះព្រិលបានបញ្ចេញព្រិលយ៉ាងក្រាស់គ្របលើទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃអាទិត្យ (០៦ មេសា) នេះ ដោយធ្វើឱ្យទីលានចតុរង្គក្រហមស្ថិតនៅក្នុងព្រិលជម្រៅរហូតដល់ ១០សង់ទីម៉ែត្រ រួមទាំងកន្លែងផ្សេងទៀត បន្ទាប់ពីរដូវរងាដែលមិនសូវត្រជាក់ខ្លាំងខុសពីធម្មតានៅក្នុងរដ្ឋធានីរុស្ស៊ីមួយនេះ។
អ្នកព្យាករអាកាសធាតុនិយាយថា ការធ្លាក់ព្រិលជាមធ្យមពេញមួយខែ ត្រូវបានរំពឹងទុកនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ០៧ មេសា ខណៈព្រិលយ៉ាងក្រាស់បានកប់ទេសភាពនិទាឃរដូវ ហើយសីតុណ្ហភាពបានធ្លាក់ចុះដល់ក្រោមសូន្យ ពីតួលេខខ្ពស់ខ្លាំងរហូតដល់ ១៦អង្សាសេ កាលពីថ្ងៃសុក្រ។

អាជ្ញាធរដឹកជញ្ជូននៅតំបន់មូស្គូ ដ៏ធំទូលាយ ដែលជាកន្លែងរស់នៅរបស់មនុស្សជាង ២២លាននាក់ បានព្រមានអ្នកបើកបរ ដែលបានប្តូរសំបកកង់រថយន្តរដូវរងាររបស់ពួកគេរួចរាល់ហើយ កុំឱ្យចេញទៅតាមផ្លូវក្នុងអាកាសធាតុដ៏អាក្រក់បែបនេះ។
គួរបញ្ជាក់ថា នៅប្រទេសរុស្ស៊ី សំបកកង់រថយន្តពិសេសសម្រាប់ព្រិល គឺជាកាតព្វកិច្ចរបស់អ្នកបើកបរនៅក្នុងរដូវរងារ ដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងឡាយដោយសារតែព្រិលទឹកកក៕

