ភ្នំពេញ៖ នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើបារាំង ឱ្យបន្តសហការរៀបចំសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) នៅខេត្តកំពង់ស្ពឺ ឱ្យក្លាយជាសាលាហ្វឹកហ្វឺនគំរូថ្នាក់តំបន់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅថ្ងៃនេះ ក្នុងជំនួបជាមួយលោកជំទាវ Magdalena BIOGET អនុប្រធានបេសកកម្មបារាំង ទទួលបន្ទុកកិច្ចសហប្រតិបត្តិការជុំវិញពិភពលោក បានបញ្ជាក់ថា បារាំងជាប្រទេសមួយ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា ហើយចាប់តាំងពីកម្ពុជាបានបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមមក សាធារណរដ្ឋបារាំង បានជួយជ្រោមជ្រែងក្នុងការបណ្តុះបណ្តាលនូវរាល់ជំនាញ ព្រមទាំងផ្តល់នូវគ្រឿងឧបករណ៍ សម្ភារៈជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកប ដោយប្រសិទ្ធភាព ក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ បានបន្តថា កន្លងទៅកម្ពុជា បានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពជា ទៅបំ ពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួនប្រាំបួន ហើយបច្ចុប្បន្ននេះ កម្លាំងកម្ពុជាបាននឹងកំពុងបន្តបេសកកម្មលើប្រទេសចំនួនប្រាំ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ផ្អែកលើការឆ្លងកាត់បទពិសោធន៍ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ នាយឧត្តមសេនីយ សែម សុវណ្ណនី បានបញ្ជាក់ថា កន្លងមក កម្ពុជា ក៏ធ្លាប់បានផ្តល់ការហ្វឹកហ្វឺនគ្រូបង្គោលសកម្មភាពបោសសម្អាតមីនថ្នាក់តំបន់អាស៊ាន សម្រាប់ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ចំនួន៣លើករួចហើយ ដែលមានបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់មួយចំនួនទៀត បានចូលរួម ហើយនៅពេលនេះ ត្រូវបានអាក់ខានដោយសារវិបត្តិកូវីដ-១៩។
លោកជំទាវ Magdalena BIOGET បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង រវាងប្រទេសកម្ពុជា បារាំង ហើយលោកជំទាវ ក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការ តាមរយៈការងារហ្វឹកហ្វឺនជាមួយភាគីកម្ពុជាបន្តទៀត។
ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ក្រសួងការពារជាតិប្រទេសបារាំង បានផ្តល់ការគាំទ្រ នាំគ្រូយោធាចារ្យបារាំង មកហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដល់ទ័ពមួកខៀវកម្ពុជាមុនចេញបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានចំនួន៦៦វគ្គ ស្នើនឹងសិក្ខាកាមជិត១៧០០នាក់ លើជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្ទេចគ្រឿងផ្ទុះកែច្នៃ វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា ជំនាញអាវុធហត្ថ សង្គ្រោះបឋម ដឹកជញ្ជូនគ្រឿងផ្ទុះ និងបំប៉នជំនាញភាសាបារាំងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា